កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានកោតសរសើរដល់ប្រទេសកម្ពុជាថាជាប្រទេសឈានមុខគេមួយនៅលើពិភពលោកនៅពេលដែលនិយាយអំពីការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព។ លោក Nick Beresford តំណាងប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ UNDP បានមានប្រសាសន៍ថា លោកមានការរីករាយដោយបានមើលឃើញអំពីការ អភិវឌ្ឍនិងសមិទ្ធផលនៃកម្មវិធីពិការភាពរបស់ប្រទេសកម្ពុជា ហើយតែមានភាពប្រសើរឡើង គ្រប់ពេលវេលា។
លោក Nick បានប្រសាសន៍បែបនេះនៅក្នុងឱកាសជួបពិភាក្សាការងារនៅថ្ងៃច័ន្ទ ទី៥ ខែកក្កដា ជាមួយលោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ដែលជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការផងដែរ។
កិច្ចជំនួបនេះមានគោលបំណងដើម្បីពិភាក្សាអំពីការកែលម្អកម្មវិធីពិការភាពឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀតនៅកម្ពុជា។ លោក Nick Beresford បានកោតសរសើរប្រទេសកម្ពុជាថា ជា «ប្រទេសឈានមុខគេមួយ» លើការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាព។ លោកថា នេះគឺជាការឆ្លុះបញ្ចាំងនិងធានាថា គ្មាននរណាម្នាក់ត្រូវបានគេបោះបង់ចោលឡើយ។
លោក Nick Beresford បានបន្ថែមទៀតថា បើទោះបីជាមានការរឹតបន្តឹងពាក់ព័ន្ធវិធានសុវត្ថិភាពសុខាភិបាល ដើម្បីពង្រឹងស្ថានភាព Covid-19 នៅកម្ពុជានាពេលបច្ចុប្បន្នមែន ប៉ុន្តែមិនមែនមានន័យថាកិច្ច សហការអន្តរជាតិរវាង UNDP និងអគ្គលេខាធិការដ្ឋាក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវបញ្ឈប់នោះ ទេ ហើយថា UNDP នឹងបន្តគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាលសម្រាប់ជនមានពិការភាព នាពេលខាងមុខតទៅទៀត។
ជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងសង្គមកិច្ចឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា ក្រុមប្រឹក្សា សកម្មភាពជនពិការកំពុងធ្វើការរៀបចំសេចក្តីព្រាងច្បាប់ថ្មីសម្រាប់ជនមានពិការភាពកម្ពុជា។
ឯកឧត្តម ឯម ច័ន្ទមករា បានមានប្រសាសន៍អរគុណចំពោះការគាំទ្ររបស់ UNDP ហើយលោករដ្ឋលេខាធិការ ក៏កំពុងទន្ទឹងរងចាំគម្រោងថ្មីជាច្រើនទៀតដើម្បីជួយដល់តម្រូវការរបស់ជនមានពិការភាពនៅកម្ពុជា។
ឯកឧត្តម ឯម ច័ន្ទមករា បានមានប្រសាសន៍បន្ថែមទៀតថា ការធ្វើការភាពជាដៃគូរជាមួយ UNDP គឺមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលដែលជនមានពិការភាពមានតម្រូវការ និងការយល់ ដឹងឱ្យបានច្រើនអំពីវិធីការពារខ្លួនប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 នាពេលបច្ចុប្បន្ន៕