ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៩១នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយ ១៨នាក់ និងស្លាប់ ២នាក់ នៅថ្ងៃទី០៤ ខែកក្កដា

រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន ៩១នាក់បន្ថែមទៀត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។ នៅម្សិលមិញនេះ ក៏មានអ្នកជំងឺ២នាក់ទៀត បានសម្លាប់ ខណៈអ្នកជំងឺ ១៨នាក់បានជាសះស្បើយ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នករកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ករណីទី១ ដល់ទី១២ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី, ករណីទី១៣ ដល់ទី២៦ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី និងករណីទី២៧ ដល់ទី៣១ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ។

ករណីទី៣២ ដល់ទី៤៦ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក, ករណីទី៤៧ ដល់ទី៤៨ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន, ករណីទី៤៩ ដល់ទី៥២ ជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ធំ។

ករណីទី៥៣ ដល់ទី៥៥ ជាករណីឆ្លងពីអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ, ករណីទី៥៦ ដល់ទី៧៨ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ចំពោះករណីទី៧៩ ដល់ទី៩១ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ។

ដោយឡែកអ្នកជាសះស្បើយទាំង១៨នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២នាក់នោះ មាអត្តសញ្ញាណដូចខាងក្រោម៖

១៖ ឈ្មោះ កង ចិន្ដា ភេទស្រី អាយុ៤០ឆ្នាំ អាសយដ្ឋានភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១៖០០នាទី និងបានស្លាប់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩៖១០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

២៖ ឈ្មោះ ប៉ាវ ហ៉ឺ ភេទស្រី អាយុ៦៧ឆ្នាំ អាសយដ្ឋានភូមិអូររបង សង្កាត់មេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២១៖០០នាទី និងបានស្លាប់នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២៖៣៥នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

គួរបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ រហូតដល់ ១,៥០៨នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៥៨០នាក់ ស្លាប់ ១៧នាក់ និង៩១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕