ម្ចាស់តោអរគុណសម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យតោមកចិញ្ចឹមវិញ

ម្ចាស់តោដែលមានគណនីហ្វេសប៊ុកឈ្មោះ «Qi Xiao» បានបង្ហាញនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចឱ្យតោមកខ្លួនចិញ្ចឹមឡើងវិញ។

លោក Qi Xiao បានលើកឡើងថា ការសម្រេចរបស់សម្តេចតេជោ ធ្វើឱ្យរូបលោករស់នៅក្នុងប្រទេសកម្ពុជាកាន់តែមានអារម្មណ៍កក់ក្តៅថែមទៀត។

លោក Qi Xiao បានរៀបរាប់យ៉ាងដូច្នេះ «ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ និងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ ដែលបានជួយ និងគាំទ្រដល់ [ហុីម៉ា (ឈ្មោះតោ)] របស់យើងខ្ញុំ ធ្វើឱ្យខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ។ ជាចុងក្រោយសុំជូនពរឱ្យកម្ពុជា និងចិនជាមិត្តដែកថែបជារៀងរហូត»។

ជាមួយការអរគុណនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានតបលើទំព័រហ្វេសប៊ុកទៅវិញផងដែរថា នេះជាករណីពិសេស ដោយសារម្ចាស់តោបានចិញ្ចឹមវាតាំងពីតូចមក ប្រៀបដូចជាសមាជិកគ្រួសារទៅហើយ ទើបអនុញ្ញាតឱ្យយកទៅចិញ្ចឹមឡើងវិញ។

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីសម្រេចឱ្យបុរសជនជាតិចិនអាចយកសត្វតោរបស់ខ្លួនមកចិញ្ចឹមនៅផ្ទះវិញបាន បន្ទាប់ពីសមត្ថកិច្ចដកហូតកន្លងមកសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចឱ្យតោទៅជនជាតិចិននេះវិញ បន្ទាប់ពីមន្ត្រីរដ្ឋបាលព្រៃឈើដកហូតកាលពីចុងខែមិថុនា។

ជាមួយការអនុញ្ញាតឱ្យជនជាតិចិនយកតោត្រឡប់ទៅចិញ្ចឹមវិញនេះ សម្តេចតេជោ បានណែនាំឱ្យម្ចាស់ធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបានអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានផ្តល់យោបល់ និងអាណិតដល់សត្វតោ។

ជាមួយការអនុញ្ញាតឱ្យយកតោត្រឡប់ទៅចិញ្ចឹមវិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ក្នុងករណីមានការផាកពិន័យប្រាក់ ក៏ត្រូវប្រគល់ជូនទៅវិញផងដែរ។

គួរបញ្ជាក់ថា សត្វមួយក្បាលនេះ ត្រូវបានអាជ្ញាធរចម្រុះនៃខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន ចុះទៅដកហូតពីជនជាតិចិនកាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅ ហើយយកទៅដាក់នៅសួនសត្វភ្នំតាម៉ៅ។

សត្វតោឈ្មោលមួយក្បាលមានទម្ងន់ជាង៧០គីឡូក្រាម ត្រូវបានបុរសជនជាតិចិន ចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ ១ឆ្នាំកន្លះហើយ។ ក្នុងមួយថ្ងៃតោនេះបរិភោគសាច់ឆៅប្រមាណ ៦គីឡូក្រាម។

ការចិញ្ចឹមរយៈពេលមួយឆ្នាំកន្លងមកនេះ ធ្វើឱ្យជនជាតិ និងសត្វតោនេះ មានមនោសញ្ចេតនានឹងគ្នាយ៉ាងជ្រាលជ្រៅ។ ក្រោយពេលដកហូតទៅដាក់នៅសួនសត្វភ្នំតាម៉ៅ តោនេះអត់ស៊ីចំណីព្រោះតែការនឹករលឹកម្ចាស់។ ម្ចាស់ក្រោយពេលឮតោអត់ស៊ីចំណីក៏បានចុះទៅមើលតោដល់សួនសត្វនោះថែមទៀតផង។

ដោយរំជួលចិត្តចំពោះមនោសញ្ចេតនារវាងតោ និងម្ចាស់នេះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គម ស្នើសុំឱ្យមានការអនុគ្រោះ និងអនុញ្ញាតឱ្យម្ចាស់តោ បានយកតោនេះមកចិញ្ចឹញឡើងវិញ។

ក្រោយពេលសម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យតោនេះទៅម្ចាស់ចិញ្ចឹមឡើងវិញ ក៏នាំឱ្យមានការពេញចិត្ត និងសាទរយ៉ាងច្រើន ពីអ្នកលេងបណ្តាញសង្គម៕