ឆមាសទី១ អង្ករកម្ពុជាជាង២៨ម៉ឺនតោន គិតជាទឹកប្រាក់ជាង២០០លានដុល្លារ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅទាំង៤៩ នៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនួន ២៨០ ៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧ លានដុល្លារសហរដ្ឋអាមេរិក។

ការនាំចេញក្នុងឆមាសទី១នេះ បានធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រហែលគ្នាទៅរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ២០១៨ និង ២០១៩។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទទួលបាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ។

ចំពោះទឹកប្រាក់នៃការនាំចេញក៏បានធ្លាក់ចុះចំនួន ២៣.៧១% ផងដែរ ដែលឆ្នាំ២០២០ ក្នុងឆមាសទី១ ទទួលបានទឹកប្រាក់ ២៦៥.៦៦លានដុល្លារ មកត្រឹម២០២.៦៧លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២១នេះ ។

សហព័ន្ធស្រូវអង្ករកម្ពុជាបន្ថែមថា «ការធ្លាក់ចុះទាំងបរិមាណ និងតម្លៃ គឺដោយសារបញ្ហាប្រឈមលើការដឹកជញ្ជូន កង្វះសំបកកុងតែន័រ ជាពិសេសសម្រាប់ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ធ្វើឱ្យតម្រូវការ និងតម្លៃលក់នាំចេញនៅត្រឹមកំពង់ផែ របស់អង្ករក្រអូបកម្ពុជាធ្លាក់ចុះយ៉ាងគំហុកពីតំលៃមធ្យមប្រមាណ ៩០០ ដុល្លារ មកត្រឹមតម្លៃប្រហាក់ប្រហែល ៧៣០ដុល្លារក្នុងមួយតោនតែប៉ុណ្ណោះ»។

សម្រាប់ទីផ្សារដែលកម្ពុជា បាននាំអង្ករទៅកាន់នៅក្នុង ឆមាសទី១ នៃ ឆ្នាំ២០២១គឺមាន ប្រទេសនាំមុខចំនួន៥ រួមមាន ១). ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បាននាំចេញចំនួន ៥១.០៩% ស្មើនឹង ១៤៣ ២៩៣ តោន ២). ប្រទេសបារាំង ១០.៥០% ស្មើ ២៩ ៤៣៤ តោន ៣). ប្រទេសហ្កាប៊ុង ៧.៩៣% ស្មើនឹង ២២ ២២៨តោន ៤). ប្រទេស ម៉ាឡេស៊ី ៦.៧៩% ស្មើនឹង ១៩ ០៣០តោន និងទី៥). ប្រទេសហូឡង់ ៣.៥៤% ស្មើ ៩ ៩២១ តោន។

ដោយឡែកចំពោះ ប្រភេទអង្ករនាំចេញក្នុងឆមាសទី១ ឆ្នាំ២០២១នេះដែរ ឃើញថា អង្ករក្រអូបប្រណីតមាន៣៧.៣៥% អង្ករក្រអូបធម្មតាមាន២៨.៥៦% អង្ករសគ្រាប់វែងមាន២៦% អង្ករចំហុយមាន២% អង្ករសរីរាង្គមាន២% អង្ករបាក់ ៣% អង្ករដំណើប ១.២២ %។

សម្រាប់ខែមិថុនា ឆ្នាំ២០២១នេះ អង្ករសរុបដែលកម្ពុជានាំចេញមានចំនួន៤៧ ៤១៩ តោន ដែលមានការកើនឡើង១៤.១% បើធៀបនឹងខែមិថុនា ឆ្នាំមុន គិតជាទឹកប្រាក់ ៣៣.៦៩លានដុល្លារ ដែលក្នុងនោះ ទីផ្សារប្រទេសចិន និងតំបន់ស្វយ័តមានចំនួន ២២ ៤៥៩ តោន គិតជាទឹកប្រាក់១៥.១៨លានដុល្លារ ដែលតួលេខនាំចេញទៅចិននេះមានកំនើន ១០២% បើធៀបទៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលមានបរិមាណត្រឹម ១១ ១២៤ តោន៕