ក្រុមអ្នករុករកយកបានសព៦នាក់ទៀត, សរុប១៨នាក់ ក្រោយអគារខុនដូបាក់ស្រុតនៅរដ្ឋផ័្លររីដា

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ ២០២១បានអោយដឹងថា អាជ្ញាធរអារិកបានឱ្យដឹងថា រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ដោយ សារការបាក់រលំអគារ ខុនដូកម្ពស់ ១២ជាន់ នៅតំបន់មៃអាមី-ដេដ (Miami-Dade County) រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហ រដ្ឋអាមេរិក បានកើនឡើងដល់ ១៨នាក់ហើយ ក្រោយទើបយក បានសព៦នាក់ទៀត ខណៈ១៤៧ នាក់នៅបន្តបាត់ខ្លួននៅឡើយ។

ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៨នាក់នៅថ្ងៃពុធសប្ដាហ៍នេះ ក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះ មានការអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះដំណឹងមួយនេះ និងមានការព្រួយបារម្ភកាន់ តែខ្លាំងផងដែរ ចំពោះការធ្លាក់ចុះនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

គ្មាននរណាម្នាក់ ត្រូវបាន ទាញចេញពីគំនរបាក់បែកនោះ ដោយនៅរស់រានមានជីវិតទេ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ មុន នៅពេលផ្នែកនៃអគារកម្ពស់ ១២ជាន់នោះបានបាត់ស្រុត។

អភិបាលតំបន់ Miami-Dade County លោកស្រី ដានីញែលឡា ដេវីន ខាវ៉ា (Daniella Levine Cava) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា អ្នកស្លាប់ ០២នាក់ក្នុងចំណោម ១៨នាក់ ខាងលើ គឺកុមារដែលមានអាយុ ០៤ឆ្នាំ និង ១០ឆ្នាំ។

លោកស្រី Daniella Levine Cava បាន សង្កត់ធ្ងន់ថា «ការស្លាប់របស់កុមារ គឺជាសេចក្ដីសោកស្ដាយធំធេងណាស់។ សហគមន៍របស់យើង ប្រជាជាតិរបស់យើង និងពិភពលោកទាំងមូល កំពុងកាន់ទុក្ខជាមួយក្រុមគ្រួសារទាំងនេះ ដែលបាន បាត់បង់មនុស្សជាទីស្រលាញ់»។

ទោះជាយ៉ាងណា អាជ្ញាធររដ្ឋផ្ល័ររីដា និងអ្នកដឹកនាំក្រុមសង្គ្រោះ នៅកន្លែងកើតហេតុផ្ទាល់ បានអះ អាងថា ពួកគេនៅតែប្រឹងប្រែងបន្តការងារជួយសង្គ្រោះ ខណៈក្រុមគ្រួសារជនរងគ្រោះកាន់តែច្រើន បាននិងកំពុងដង្ហោយសុំឲ្យពន្លឿនប្រតិបត្តិការនេះ។

អគារខុនដូរដែលបានបាក់រលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា សាងសង់ឡើងនៅ ក្នុងឆ្នាំ១៩៨១ ដោយមានសរុបទាំងអស់ ១៣៦បន្ទប់ ហើយប្រមាណ ៥៥បន្ទប់បានបាក់រលំចុះ មក៕