ក្រសួងការបរទេស កំពុងពិនិត្យលើ ការស្នើសុំបង្កើត កុងស៊ុលកិត្តិយស ស៊ុយអែត ប្រចាំកម្ពុជា

បន្ទាប់ពីមានសំណើ ពីលោក ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែត ប្រចាំកម្ពុជា នៅក្នុងជំនួបកាល ពីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាៈ ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជា កំពុងពិនិត្យលើការស្នើសុំបង្កើត កុងស៊ុលកិត្តិយសស៊ុយអែត ប្រចាំកម្ពុជា ហើយពាក់ព័ន្ធនឹង ការបន្តទិដ្ឋាដល់ ប្រជាពលរដ្ឋស៊ុយអែត នៅកម្ពុជា សម្ដេចបានបញ្ជាក់ថា នឹងប្រមូលព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងធ្វើការងារនេះ ជាមួយសហការី ដើម្បីឆ្លើយតប ទៅស្ថានទូត។

ឯកអគ្គរាជទូតស៊ុយអែត បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង អំពីការងារ ពាក់ព័ន្ធនឹង ការបញ្ចប់ តួនាទីការទូតរបស់លោក នៅកម្ពុជា ទន្ទឹមគ្នានឹងការធ្វើ កំណែទម្រង់ រចនាសម្ព័ន្ធ និងប្រព័ន្ធហិរញ្ញវត្ថុ ដែលតម្រូវឱ្យស្ថានទូតស៊ុយអែត ប្រចាំនៅកម្ពុជា បិទជាផ្លូវការ នៅខែធ្នូ ខាងមុខ នេះ។

លោកបានបន្តថាៈ ទោះបីជាមានការបិទស្ថានទូត ប៉ុន្តែប្រទេសស៊ុយអែតនៅតែ បន្តមាន កិច្ចសហ ប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការងារឧត្តមសិក្សា ស្រាវជ្រាវ និងវប្បធម៌ ហើយថា ការងារបន្ត នឹងទទួលអនុវត្ត ដោយស្ថានទូតស៊ុយអែត នៅទីក្រុងបាងកក ប្រទេសថៃ។

លោកទូត បានលើកឡើង អំពីសំណើ ២ ដល់កម្ពុជា ៖ ទី១. គឺស្នើបង្កើតកុងស៊ុល កិត្តិយស ដោយលោក បានបន្តថា បច្ចុប្បន្ន ស្ថានទូតស៊ុយអែត ប្រចាំទីក្រុងបាងកក កំពុងរង់ចាំការយល់ព្រម ពីភាគីកម្ពុជា ដើម្បីបង្កើតជាស្ថានកុងស៊ុលកិត្តិយស ដើម្បីសម្រួលដល់ ប្រជាពលរដ្ឋស៊ុយអែត ដែលកំពុងមានវត្តមាន នៅកម្ពុជា។ ទី២. លោកទូតបានជម្រាបជូនថា ប្រជាពលរដ្ឋស៊ុយអែត នៅកម្ពុជា មានការលំបាក ក្នុងការបន្តទិដ្ឋាការរបស់ខ្លួន ដោយសារលិខិតឆ្លងដែន ជិតផុតកំណត់ ហើយស្ថាន ទូតនៅកម្ពុជា មិនអាចទទួលសំណើ ធ្វើលិខិតឆ្លងដែនបាន ដោយតម្រូវឱ្យពួកគេ ត្រូវធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីដាក់សំណើ ស្នើសុំលិខិតឆ្លងដែនថ្មី ប៉ុន្តែត្រូវជួបឧបសគ្គ ដោយសារជំងឺកូវីដ-១៩។

លោកបានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថាៈ ជាដំណោះស្រាយ ស្ថានទូតស៊ុយអែត នៅកម្ពុជា បានអនុវត្តវិធានការ បណ្ដោះអាសន្នដោយដាក់ ចេញទម្រង់ លិខិតឆ្លងដែនថ្មី ជូនពួកគាត់។ ស្នើសុំភាគីកម្ពុជា ពិនិត្យលទ្ធភាព អនុញ្ញាតបន្តទិដ្ឋាការ ស្នាក់នៅដល់ពលរដ្ឋស៊ុយអែត ដោយទទួលនូវទម្រង់ លិខិតឆ្លងដែនថ្មី ដែលបានចេញ ជាបណ្ដោះអាសន្ននេះ។

ឆ្លើយតបនឹងសំណើទី១ របស់ឯកអគ្គរាជទូត សម្ដេចក្រឡាហោម ស ខេងបានមាន ប្រសាសន៍ថាៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងពិនិត្យ និងធ្វើការលើរឿងនេះ ហើយពាក់ព័ន្ធនឹងសំណើទី២ សម្ដេចបានបន្តថា នឹងប្រមូល ព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងធ្វើការងារនេះ ជាមួយសហការី ដើម្បីឆ្លើយតបទៅស្ថានទូត។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង អំពីកិច្ច សហប្រតិបត្តិការ មួយចំនួន ដែលភាគីកម្ពុជា និងស៊ុយអែតត្រូវបន្តជាមួយ គ្នាទៀត គឺការងារកំណែទម្រង់ ថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ផ្នែកនគរបាល ដូចជាការប្រយុទ្ធប្រឆាំង បទល្មើសឆ្លងដែន ជាដើម។

សម្ដេច បានមានប្រសាសន៍ថាៈ កន្លងមក ស៊ុយអែត បានចូលរួម ក្នុងការងារកំណែ ទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ នៅកម្ពុជា ហើយ ស៊ុតអែត ជាប្រទេសមានបទ ពិសោធន៍ច្រើន លើការងារកំណែ ទម្រង់នេះ ពិសេសសម្ដេចផ្ទាល់ ក៏បានអញ្ជើញ ទស្សនកិច្ចផ្ទាល់ នៅប្រទេស៊ុយអែត ដើម្បីស្វែង យល់ លើការងារកំណែទម្រង់នេះ ផងដែរ។

សម្ដេចក្រឡាហោម បានបន្តថាៈ សម្រាប់កម្ពុជា ទោះគោលដៅកំណែទម្រង់ មិនទាន់សម្រេច បានទាំងស្រុង ប៉ុន្តែបានបោះជំហ៊ាន ទៅមុខជាប្រចាំ និងទទួល បានលទ្ធផល តាមការរំពឹងទុក ជាក់ស្ដែង កម្ពុជាកំពុងរៀបចំដាក់ចេញ ផែនការ ១០ ឆ្នាំ ដំណាក់កាលទី២ ជុំវិញការងារកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ។

ចំពោះការងារអនុវត្តច្បាប់ ផ្នែកនគរបាល ដូចជា ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនរួមមាន ការប្រឆាំងបទល្មើស បច្ចេកវិទ្យា បញ្ហាគ្រឿងញៀន និងការប្រឆាំងភេវរកម្ម សម្ដេចក្រឡាហោម បានស្នើសុំភាគីស៊ុយអែត ពិនិត្យលទ្ធភាពបន្តពង្រឹការងារនេះ ជាមួយភាគីកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប ឯកអគ្គរាជទូតស៊ុយអែត បានថ្លែងអំណរគុណ ចំពោះសម្ដេច ក្រឡាហោម ដែលបានលើកឡើង អំពីការងារកំណែទម្រង់ និងបានបន្តថា ស៊ុយអែត ពិតជាមានមោទកភាព ដែលបានគាំទ្រកម្ពុជា បង្កើតជាមូលដ្ឋាន ក្នុងការធ្វើកំណែ ទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិ។

ចំពោះសំណើសម្ដេច ពាក់ព័ន្ធនឹងការពង្រឹងបន្ថែម នូវកិច្ចសហប្រតិបត្តិការ ផ្នែកនគរបាល និងប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន លោកទូត បានជម្រាបសម្ដេចថា នឹងនាំសំណើនេះ ជូនរដ្ឋាភិបាលស៊ុយអែត និងបានអះអាងថា ការងារប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ពិតជាមានសារៈសំខាន់ ពិសេសបទល្មើសឧក្រិដ្ឋកម្ម បច្ចេកវិទ្យា៕