ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលថ្មីខេត្តកំពង់ឆ្នាំង, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជំនួស ឯកឧត្តម ឈួរ ច័ន្ទឌឿន

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្ដេចចៅហ្វាវាំងវរវៀង ជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញជា អធិបតី ក្នុងពិធីប្រកាសតែងតាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង និងផ្ទេរភារ កិច្ច ឯកឧត្តម នៃ ចារី ពីអភិបាលរងខេត្តកណ្តាល ទៅជាអភិបាលរងខេត្តកំពង់ឆ្នាំង។

ពិធីប្រកាសតែងតាំងអភិបាលខេត្តកំពង់ឆ្នាំងខាងលើនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីសាលាខេត្ត សរុប ប្រមាណ៧០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានប្ដេជ្ញាចិត្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញច្បាប់ គោល នយោបាយនិងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងគោលការណ៍ចាត់តាំង និងដឹកនាំរបស់ ប្រមុខ រាជរដ្ឋាភិបាល ក្រសួងម ហាផ្ទៃ និងគោរពតាមការណែនាំចង្អុលបង្ហាញរបស់សម្តេចប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង និងសហការ ជិតស្និទ្ធ ជាមួយក្រសួងស្ថាប័ននានា សំដៅសម្រេចឱ្យបានជា ដាច់ខាតនូវសុខសន្តិភាព សេ្ថរភាព និងការ អភិវឌ្ឍសង្គម សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រតិបត្តិជាប្រចាំនូវយុទ្ធនាការលុប បំបាត់ គ្រឿងញៀន និងនៅរាល់បទល្មើសផ្សេងៗ ដូចជា ការបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិ និងបទល្មើសនេសាទជាដើម និងខិតខំអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់តែងតាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង ជំនួសឯកឧត្តម ឈួរ ច័ន្ទឌឿន ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ៕