តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១គឺបានអោយដឹងថា លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃពុធនេះបានចោទ ប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជុំវិញវត្តមាននាវាពិឃាត អង់គ្លេស នៅឯនាយឆ្នេរសមុទ្រនៃ តំបន់គ្រីមៀ ដែលទីក្រុងម៉ូស្គូបានបញ្ចូល ជាទឹកដីរបស់ខ្លួន។
កាលពីសប្តាហ៍មុន រុស្ស៊ីបានអះអាង ថា ខ្លួនបានបាញ់ព្រមាននាវាពិឃាតរបស់កងទ័ពជើងទឹកអង់គ្លេសមួយគ្រឿង នៅដែលនាវានោះ បានឆ្លងកាត់ក្បែរឧបទ្វីបគ្រីមៀនៅសមុទ្រខ្មៅ នៅក្នុងអ្វីដែលទីក្រុងម៉ូស្គូបានហៅថា ជាការរំលោភ លើដែនទឹករបស់ខ្លួន។
លោក ពូទីន បាននិយាយនៅក្នុងសន្ទរកថាប្រចាំឆ្នាំតាមទូរទស្សន៍នៅថ្ងៃពុធនេះថា «វាជាការបង្ក ហេតុយ៉ាងច្បាស់…វាពិតជាស្មុគស្មាញ ខណៈដែល(នាវាពិឃាតនោះ) មិនត្រឹមតែត្រូវបានបញ្ជា ដោយចក្រភពអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែសហរដ្ឋអាមេរិកក៏ជាអ្នកនៅពីក្រោយរឿងនេះដែរ»។
ជាភ័ស្តុតាង លោក ពូទីន បានសង្កត់ធ្ងន់ថា មុនពេលនាវាចក្រភពអង់គ្លេសចូលក្នុងដែនទឹករបស់ ខ្លួនកាលពីសប្តាហ៍មុន «យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់អាមេរិក» បានហោះចេញពីដែនអាកាសយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) នៅក្នុងប្រទេសក្រិក។ ទោះជាយ៉ាងណា លោកមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញបញ្ហានេះទេ៕