ស៊ន សៀវម៉ី ចង់លើកទង់ជាតិកម្ពុជាលើកចុងក្រោយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣

កីឡាការិនីតេក្វាន់ដូឆ្នើមរបស់កម្ពុជា ស៊ន សៀវម៉ី បានអះអាងថា ប្រសិនបើមានឱកាសខ្លួនចង់ ក្លាយជាអត្តពលិកកម្ពុជាម្នាក់ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា និងលើកទង់ជាតិកម្ពុជាលើកចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ នៅលើមាតុភូមិបស់ខ្លួន។

អតីតម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣ជំនាន់ខាងលើបានលើកឡើងបែបនេះ នៅក្នុងទិវាអូឡាំពិកកាលពីថ្មីៗ។ មិនតែប៉ុណ្ណោះ សៀវម៉ី ថែមទាំងបានចាត់ទុកស៊ីហ្គេមនៅកម្ពុជា គឺជាភាពអស្ចារ្យជាងការប្រកួតកីឡាអូឡាំពិកទៀតផង ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា។

សៀវម៉ី បានបញ្ជាក់ថា «ក្នុងនាមខ្ញុំជាអត្តពលិកអូឡាំពិក ខ្ញុំគិតថា កីឡាអូឡាំពិកពិតជាអស្ចារ្យ និងសំខាន់ តែបើងាកមកមើលប្រទេសយើង គឺមានកម្រិតនៅឡើយមានន័យថា ធនធានកីឡាករ-កីឡាការិនីរបស់យើងនៅមានកម្រិត មិនទាន់អាចឈានដល់កម្រិតអូឡាំពិកនោះទេ។ ប៉ុន្ដែខ្ញុំគិតថា ស៊ីហ្គេមនៅកម្ពុជា គឺពិតជាអស្ចារ្យ ហើយធំ…ខ្ញុំគិតថា វាអស្ចារ្យជាងកីឡាអូឡាំពិកទៀត ព្រោះនេះ ជាលើកទី១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយបើសិនជាយើងជាកីឡាករ-កីឡាការិនី ដណ្ដើមបានមេ ដាយក្នុងប្រទេសរបស់ខ្លួន វាគឺជាមោទនភាពមួយដ៏អស្ចារ្យ ដែលយើងអាចយកមេដាយជូនជាតិក្នុង ប្រទេសកម្ពុជាផ្ទាល់»។

កីឡាការិនីកម្ពស់ ១.៨៣ម៉ែត្រ និងមានសម្រស់មិនចាញ់តារាដដែលបានសង្កត់ធ្ងន់ ថា «អញ្ចឹង សម្រាប់ខ្ញុំជាអ្នកកីឡាម្នាក់ ទោះបីជាឥឡូវខ្ញុំសម្រាកពីកីឡា ប៉ុន្ដែចិត្ដស្រលាញ់របស់ខ្ញុំនៅតែមាន ការគាំទ្ររបស់ខ្ញុំនៅតែមាន ហើយខ្ញុំគិតថា បើសិនជាខ្ញុំនៅតែមានឱកាស ខ្ញុំចង់តំណាងឲ្យកម្ពុជា ម្នាក់នៅឆ្នាំ២០២៣ លើកទង់ជាតិកម្ពុជាជាលើកចុងក្រោយនៅស៊ីហ្គេម»។

គួរបញ្ជាក់ថា ស៊ន សៀវម៉ី ជាកីឡាការិនីតេក្វាន់ដូកម្រិតប្រវត្តិសាស្ដ្ររបស់កម្ពុជា រហូតត្រូវបាន រាជរដ្ឋាភិបាលប្រសិទ្ធនាម ជាវីរកីឡាការិនីបន្ទាប់ពី សៀវម៉ី បានកែប្រែប្រវត្តិសាស្ត្រដោយការ ដណ្តើមបានមេដាយមាសកីឡាអាស៊ានហ្គេមកាលពីឆ្នាំ២០១៤ នៅប្រទេសកូរ៉េខាងត្បូង ក៏ដូច ជាកីឡាការិនីកម្ពុជាដំបូង ដែលបានឆ្លងកាត់វគ្គជម្រុះ ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣សម័យទៀតផង៕