ថ្ងៃនេះ ប្រទាសថៃមានអ្នកស្លាប់ដោយកូវីដ១៩ដល់ទៅ៥៣នាក់និងឆ្លងថ្មីជាង៤ពាន់នាក់

ក្រសួងសុខាភិបាលថៃបានរាយការណ៍កាលពីព្រឹកថ្ងៃពុធថា ប្រទេសថៃនៅថ្ងៃនេះមានអ្នកជំងឺកូវីដ១៩ស្លាប់ច្រើនបំផុតមិនដែលមានគឺ ៥៣នាក់ និងមនុស្ស៤.៧៨៦នាក់បានឆ្លងជំងឺនេះថ្មីនៅ២៤ម៉ោងកន្លងទៅ។

២៤ម៉ោងកន្លងទៅក៏មានអ្នកជំងឺ២.៤១៥នាក់បានជាសះស្បើយពីកូវីដ១៩ផងដែរ។

ក្រសួងបានអោយដឹងទៀតថា ក្នុងចំនួនឆ្លងខាងលើមាន ៤.៦៥៩នាក់ជាប្រជាជនទូទៅ និង១២៧នាក់ជាអ្នកទោសក្នុងពន្ធនាគារ។សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃ១មេសាមក នៅពេលកូវីដ១៩រលកទី៣ចាប់ផ្តើមវាយប្រហារថៃ មានអ្នកឆ្លងជំងឺនេះសរុប២៣០.៤៣៨នាក់ និងចាប់តាំងពីដើមឆ្នាំមុនមក ប្រទេសនេះមានអ្នកឆ្លងសរុប២៥៩.៣០១នាក់ តែ២០៧.៤៧៩នាក់បានជានិង២.០២៣នាក់ស្លាប់។

ទោះជាកូវីដ១៩បន្តវាយប្រហារថៃ ជាពិសេសនៅក្រុងបាងកក ក៏អាជ្ញាធរថៃកំពុងពិចារណាបន្ធូរបន្ថយការរឹតត្បិតខ្លាំងនៅតាមជំរំកម្មករនិងការដ្ឋានសំណង់ក្នុងក្រុងបាងកក ដើម្បីអនុញ្ញាតអោយការងារចាំបាច់បន្តដំណើរការ និងកុំអោយមានបញ្ហាវិស្វកម្ម។

កាលពីថ្ងៃម្សិលមិញមានកិច្ចប្រជុំមួយដើម្បីពិភាក្សាការបន្ធូរបន្ថយវិធានការខ្លះ រួមមានការពិនិត្យមើលឡើងវិញការផ្អាកការងារសំណង់ក្នុងក្រុងបាងកកដែលអាចធ្វើអោយការងារសំណង់ចាំបាច់ខ្លះស្ទះ ដូចជាការសាង់សង់មន្ទីរពេទ្យ៕