ប្រធាន គ.ជ.ប ថ្មី ប្តេជ្ញាគ្រប់គ្រងស្ថាប័ន គ.ជ.ប ឱ្យកាន់តែល្អប្រសើរ ដើម្បីឱ្យការបោះឆ្នោតនីមួយៗ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលទើបចូលកាន់ តំណែង បានប្តេជ្ញាធ្វើការជាមួយអនុប្រធាន, សមាជិក គ.ជ.ប ទាំងអស់ ព្រមទាំងមន្ត្រីក្រោមឱវាទ គ្រប់គ្រងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោត ឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់ ដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ។

ការប្តេជ្ញាបែបនេះរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ បានធ្វើឡើងនាឱកាសប្រកាសឱ្យចូលកាន់តំណែង ជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ នាទីស្តីការ គ.ជ.ប។

ប្រធាន គ.ជ.ប ថ្មីរូបនេះ បានប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖ «ក្នុងនាមជាប្រធានគណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលទើបទទួលបាននូវការតែងតាំងថ្មី ខ្ញុំសូមធ្វើការប្តេជ្ញាថា រូបខ្ញុំ រួមជាមួយនឹង ឯកឧត្តមអនុប្រធាន សមាជិក គ.ជ.ប ទាំងអស់ ព្រមទាំងមន្ត្រីក្រោមឱវាទ នឹងខិតខំប្រឹងប្រែង យក អស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រៀបចំ ចាត់ចែង និងគ្រប់គ្រងស្ថាប័នគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាម ច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ»។

ជាមួយនឹងការប្តេជ្ញាចិត្តអនុវត្តនូវភាពកិច្ចថ្មីរបស់ខ្លួនឱ្យបានល្អនោះ និងដើម្បីសម្រេចបាននូវគោល ដៅខាងលើ លោក ប្រាជ្ញ ចន្ទ បានសូមសំណូមពរ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីបោះ ឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលជាប្រតិបត្តិករយ៉ាងសំខាន់ សូមរួបរួមគ្នាពង្រឹងសាមគ្គីភាពកិច្ចសហ ប្រតិបត្តិការជិតស្និទ្ធ បន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ក្នុងការងារបោះឆ្នោតឱ្យបានល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ សូមមេត្តាបន្តកិច្ចសហការជាមួយ គ.ជ.ប ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមការកំណត់ នៃច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តនានាដែលបានដាក់ចេញជាធរមានរួម ចំណែកលើកកម្ពស់ការអនុវត្តគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស៕