អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាល គយកម្ពុជា (២៩ មិថុនា ១៩៥១-២៩ មិថុនា ២០២១) ក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅទីចាត់ការ កណ្តាល និងនៅគ្រប់អង្គភាព គយនិងរដ្ឋាករទូទាំងប្រទេស តាមរយៈប្រព័ន្ធវីដេអូ ដោយមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីគយនិងរដ្ឋាករមួយចំនួន ស្របតាមវិធានសុខាភិបាល បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេស «៣ កុំ ៣ ការពារ»។

ពិធីនេះរៀបចំឡើងក៏ដើម្បី រំឭកនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានបង្កើតរដ្ឋបាលគយ កម្ពុជា បំបែកចេញពីសហភាពគយឥណ្ឌូចិនក្នុងសម័យអាណានិគមបារាំង តាមព្រះរាជក្រមលេខ ៦៦១ នស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១ កាលពី៧០ ឆ្នាំមុន។

នាឱកាសនោះបណ្ឌិត គុណ ញឹម បានលើកឡើងនូវសមិទ្ធផលសំខាន់ៗដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា សម្រេចបាន នាពេលថ្មីៗនេះ តាមរយៈការដាក់ចេញនិងការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនៃយុទ្ធសាស្ត្រកំណែ ទម្រង់និងទំនើបកម្មគយ, យុទ្ធសាស្រ្ត អនុលោមភាពនិង ការ អនុវត្តច្បាប់, យុទ្ធសាស្រ្ត បច្ចេកវិទ្យា គមនាគមន៍និង ព័ត៌មាន, ផែនការសកម្មភាពប្រចាំឆ្នាំ និងការកែលម្អលិខិតបទដ្ឋានគតិយុត្តិ ស្របតាមការវិវត្តនៃនយោបាយ សេដ្ឋកិច្ច សង្គម ប្រព័ន្ធ បច្ចេកវិទ្យា បរិយាកាសធុរកិច្ច និងការអនុវត្តល្អជាអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានរំឭកនូវគុណបំណាច់របស់មន្ត្រីគយជំនាន់មុនៗ ដែលបានបន្សល់ ទុកនូវកេរ្តិ៍ដំណែលដ៏ថ្លៃថ្លា ជាដើមទុន សម្រាប់រដ្ឋបាលគយកម្ពុជា ក្នុងការអភិវឌ្ឍនខ្លួនបានរីក ចំរើនដូចពេលបច្ចុប្បន្ននេះ។ ថ្វីដ្បឹតមិនបានអញ្ជើញចូលរួមដោយផ្ទាល់ ដោយសារស្ថានភាពនៃកា ររីករាលដាលជំងឺកូវីដ-១៩, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានសម្តែងនូវ អំណរសាទរយ៉ាងកក់ក្តៅ តាមរយៈសារលិខិតជូនពរដល់មន្ត្រីគយនិងរដ្ឋាករទាំងអស់ ប្រកបដោយ អត្ថន័យដ៏ជ្រាលជ្រៅ។

ក្រៅពីការរំឭក និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះ ពរះរាជបូជនិយកិច្ច ដ៏ឧត្ដុង្គ ឧត្ដមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ក្នុងការទាមទារឯករាជ្យជូនជាតិ និង បង្កើតរដ្ឋបាលគយកម្ពុជាកាល ពី៧០ឆ្នាំមុន សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការ វាយតម្លៃ ខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកប ដោយប្រសិទ្ធភាព លើការកៀរគរចំណូល និងការកែលម្អបរិយាកាសធុរកិច្ចប្រកបដោយសមធម៌ ព្រមទាំងយកចិត្តទុកដាក់អនុវត្តគោល នយោបាយនិងយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាល រហូតសម្រេចបាននូវផ្លែផ្កាល្អប្រសើរជាបន្ត បន្ទាប់។

ទន្ទឹមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះទឹកចិត្តសប្បុរស របស់ មន្ត្រីគយនិងរដ្ឋាករគ្រប់រូប ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រសកម្មភាពប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងសកម្មភាព មនុស្សធម៌នានា នាពេលកន្លងមក។

ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោនាយក រដ្ឋមន្ត្រី បានលើក ទឹកចិត្តដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសអគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា ឱ្យបន្តខិតខំ ប្រឹងប្រែងបន្ថែមទៀត ក្នុងការបំពេញបេសកកម្មរបស់ខ្លួនឱ្យទទួលបាន ជោគជ័យថ្មីៗ ក្នុងការប្រមូលចំណូលជូនរដ្ឋ ការលើកកម្ពស់ភាព ប្រកួតប្រជែងកម្ពុជា និងការធានា បាននូវកិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសនៅក្នុងកាលៈទេសៈ ដ៏លំបាកនៃការ ឆ្លងរីករាលដាល ជំងឺកូវីដ-១៩នេះ។

ជាមួយគ្នានេះដែរ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះ កិច្ចខិតខំ ប្រឹងប្រែង និងស្មារតីលះបង់របស់ មន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ លើគ្រប់ ការដ្ឋានការងារ ដូចជាកិច្ចសម្រួលពាណិជ្ជកម្ម,ការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការងារប្រមូលចំណូល ដែលទាំងអស់នេះបានរួម ចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិ លើកកម្ពស់ឧត្តមភាពប្រកួតប្រជែង និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច កម្ពុជាទៅក្នុងតំបន់ និងពិភពលោក។

អគ្គបណ្ឌិតសភាចារ្យ ក៏បានគូសរំលេចផងដែរនូវសូចនាករកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើររបស់ កម្ពុជា ក្នុងអំឡុងប៉ុន្មានទសវត្សចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងភាពជោគជ័យនៃការអនុវត្តកម្ម វិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងបរិបទស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញ ដែលជាលទ្ធផលនៃគោលនយោបាយ «ឈ្នះ-ឈ្នះ»របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

ជាកាយវិការឆ្លើយតប ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជាបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយ និង រដ្ឋាករកម្ពុជា និងមន្ត្រីក្រោមឱវាទ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រនិងមគ្គុទេសក៍ ចង្អុល បង្ហាញផ្លូវដ៏ភ្លឺស្វាងពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមទាំង ប្រាំប្រការ របស់ សម្តេច តេជោ នាយករដ្ឋមន្រ្តី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះ កាត់» និងពង្រឹងការអភិវឌ្ឍសមត្ថភាព ពង្រឹងភក្តីភាព និងអភិបាលកិច្ចល្អ ដើម្បីបុព្វហេតុសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា៕