ក្រសួងយុត្តិធម៌ បង្ហាញលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ ១ខែ និងការប្រកាសបិទយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែល ទទួលបាននៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ម្សិល មិញនេះបានបញ្ជាក់ថាក្រសួងយុត្តិធម៌ បានសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផល ការងាររយៈពេល១ឆ្នាំ ១ខែ និងការប្រកាសបិទយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅ តាមសាលាដំបូងរាជធានី-ខេត្ត។

កិច្ចប្រជុំនេះ បានធ្វើឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.យ.ក.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង យុត្តិធម៌, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញាអមសាលាដំបូង និងប្រធានលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងទាំងអស់ ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ ១ខែ និងប្រកាសបិទយុទ្ធនា ការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត តាមប្រព័ន្ធអេឡិចត្រូនិច (Zoom)។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅក្នុងរយៈពេល ១ឆ្នាំ ១ខែ គិតពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃនៃការប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាម សាលាដំបូងរាជធានី ខេត្ត រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១, តាមរយៈយុទ្ធនាការនេះ សាលាដំបូងរាជធានី-ខេត្តទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំង ដំណាក់កាលអយ្យការទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ មានចំនួនសរុប ជាង ៣៧.៩០០រឿង ស្មើនឹង៩៦% នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះសរុបជាង ៣៩.៥០០ រឿង (សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១២.៦០០រឿង ស្មើនឹង ៩៧% នៃចំនួន សំណុំរឿងសរុបជាង ១៣.០០០រឿង ក្នុងដំណាក់កាលជំនុំជម្រះ)។

បន្ថែមពីនេះ សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌ ដែលចូលថ្មី បានចំនួនជាង ៦២.៨០០ រឿង ស្មើនឹងជាង៧៨% នៃចំនួនសំណុំរឿងចូលថ្មីសរុបជាង ៨០.៤០០រឿង។

ផ្អែកលើលទ្ធផលដែលសម្រេចបាននេះ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់សាលាដំបូង និងអយ្យ ការអមសាលាដំបូងរាជធានី ខេត្ត ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ និងដោយមានការ គាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់បើទោះបីជាកម្ពុជាបាននិងកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ ២០២១» ក៏ដោយ ក៏សាលាដំបូងរាជធានី ខេត្តចំនួន២២ ក្នុងចំណោមសាលាដំបូងសរុបទាំងអស់ ចំនួន២៤ បានប្រកាសជាបន្តបន្ទាប់នូវជោគជ័យរបស់ខ្លួនក្នុងការអនុវត្តយុទ្ធនាការ។

ទន្ទឹមនេះ សាលាដំបូងចំនួន ២ទៀត គឺសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះ សីហនុ ដែលជាសាលាដំបូងមានសំណុំរឿងច្រើនជាងគេ និងមានទីតាំងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ដោយសារផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មិនទាន់អាចសម្រេចគោលដៅ និងប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការនេះនៅឡើយទេ។

យោងតាមផែនការការងារ និងថវិការយៈពេល១ឆ្នាំ សម្រាប់អនុវត្តយុទ្ធនាការនេះ និងបន្ទាប់ពីបាន ប្រជុំពិភាក្សាជាមួយសាលាដំបូងនៅទូទាំងប្រទេសរួចមក ក្រសួងយុត្តិធម៌ សម្រេចប្រកាសបិទ បញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត និងរំសាយ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គ.យ.ក.ស.)ដើម្បីបង្កលក្ខណៈឱ្យក្រុមការងារយុទ្ធនាការដែលបានចុះធ្វើការងារជាប់ជាប្រចាំជាមួយសាលាដំបូងកន្លងមកអាចប្រមូលផ្តុំការយកចិត្តទុកដាក់លើការងារអាទិភាពផ្សេងទៀតរបស់ក្រសួងយុត្តិធម៌៕