ប៉ូលិសបាននិយាយថា ការបាញ់បោះចំនួនពីរដាច់ដោយឡែកពីគ្នាបានបណ្តាលឱ្យមនុស្សស្លាប់ម្នាក់និងរបួសយ៉ាងហោចណាស់ ១៣នាក់កាលពីយប់ថ្ងៃអាទិត្យទី២៧មិថុនានៅក្នុងទីក្រុងស៊ីកាហ្គោ។
បណ្តាញសារព័ត៌មានជាច្រើនរាយការណ៍ថា ស្ត្រីម្នាក់បានស្លាប់ហើយបុរស ៤ នាក់និងក្មេងជំទង់ម្នាក់បានរងរបួស នៅពេលរថយន្តប្រភេទ SUVបើកកាត់ហើយបាញ់រះលើពួកគេនៅតំបន់សៅស័រមុនម៉ោង ៩ យប់។ ក្រុមមនុស្សដែលមានគ្នា ៦ នាក់នេះកំពុងឈរលេងនៅខាងក្រៅផ្ទះ នៅពេលដែលស្នូរកាំភ្លើងផ្ទុះឡើង។
ប៉ូលិសនិយាយថាស្ត្រីរូបនោះត្រូវ៦គ្រាប់ហើយបានបញ្ជូនទៅមន្ទីរពេទ្យ ដែលក្រោយមកត្រូវបានប្រកាសស្លាប់។ បុរស ៤ នាក់និងក្មេងប្រុសអាយុ ១៥ ឆ្នាំម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកន្លែងដែលស្ថានភាពរបស់ពួកគេត្រូវបានគ្រូពេទ្យនិយាយថានឹងនរ។
ក្រុមមន្ត្រីពន្លត់អគ្គិភ័យក្រុងស៊ីកាហ្គោនិយាយថា ប្រហែលពីរម៉ោងក្រោយមកការបាញ់បោះដាច់ដោយឡែកមួយទៀតនៅក្នុងតំបន់ឧទ្យានម៉ាកេត បានបណ្តាលឱ្យមនុស្ស ៨ នាក់រងរបួស។ក្នុងគ្រានោះក៏មានគ្រោះថ្នាក់រថយន្តមួយកើតឡើងផងដែរ ដែលក្នុងនោះមនុស្សពីរនាក់បានរងរបួស។
គេមិនទាន់ដឹងច្បាស់ទេថាតើការបាញ់បោះនិងគ្រោះថ្នាក់រថយន្តអាចទាក់ទងគ្នាយ៉ាងដូចម្តេចនោះទេ។ អាជ្ញាធរក៏មិនទាន់និយាយភ្លាមៗនោះដែរអំពីមូលហេតុឈានដល់ការបាញ់ប្រហារនេះ។
គ្មានជនសង្ស័យឬការចាប់ខ្លួនណាមួយត្រូវបានប្រកាសភ្លាមៗក្នុងការបាញ់ប្រហារទាំងពីរនេះទេ៕