គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប សម្រេច​លទ្ធផល​បាន​៦៣,៨៧%

​វឌ្ឍនភាព​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប គិត​ត្រឹម ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ សម្រេច​លទ្ធផល​ការងារ​បាន​៦៣,៨៧% ។​

​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន​៣៨ ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៨.៧៤១ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤៩ លាន ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ ចំនួន​៩​លាន​ដុល្លារ​អាមេរិក ចំណាយ​លើ​ការងារ​ចាំបាច់​ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ឋិត​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ចំណាយពេល​សាងសង់​ចំនួន​១៣ ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គម្រោង​នេះ​អនុវត្ត​ដោយ​អង្គភាព​សាងសង់​ចំនួន​០៨ រួមមាន​៖ ១) កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់ នៃ​នាយកដ្ឋាន​វិស្វកម្ម ២) កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ៣) កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រ​និង​ស្ថាបនា​ផ្លូវ ៧) នាយកដ្ឋាន​ជួសជុល​និង​ថែទាំ​ផ្លូវថ្នល់​និង​៨)​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប​និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមការងារ​អន្តរក្រសួង​ចំនួន​៩​ក្រុម​ដើម្បី​ធានាបាន​នូវ​គុណភាព​ជាប់​រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង​តាម​អាយុកាល​មាន និង​សម្រេច​ការងារ​ឱ្យបាន​ទាន់ ពេលវេលា​។​

​ការសាងសង់​ត្រូវបាន​បែង​ចែកជា​បួន​ប្រភេទ​រួមមាន​៖ ក​) ផ្លូវ​ជួសជុល​ដោយ​អ៊ុត​បេតុង​កៅស៊ូ (AC) បន្ថែម​ពីលើ​កម្រាស់​៥​សង់ទីម៉ែត្រ ប្រវែង​សរុប ៣៥.៨៧៦​គីឡូម៉ែត្រ ខ​) ផ្លូវ​ស្ថាបនា​ដោយ​ក្រាល​បេតុង សរសៃដែក​កម្រាស់ ២០​សង់ទីម៉ែត្រ រួច​អ៊ុត​ក្រាល​បេតុង​កៅស៊ូ​(AC) ពីលើ​កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែង​សរុប ៩.៣៨៩ ម៉ែត្រ គ​) ផ្លូវ​ជួសជុល​ដោយ​ក្រាល​ថ្ម​ម៉ិច រួច​អ៊ុត​បេតុង​កៅស៊ូ​(AC) ពីលើ​កម្រាស់ ៥ ទៅ​៧ សង់ទីម៉ែត្រ ប្រវែង​សរុប ១០.៨៨០ គីឡូម៉ែត្រ ឃ​) ផ្លូវ​ស្ថាបនា​ដោយ​ក្រាល​បេតុង​សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែង​សរុប ៥២.៥៩៦ គីឡូម៉ែត្រ​។

​សូមជម្រាបថា​៖​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ទី​រួម​ខេត្តសៀមរាប ខេត្តសៀមរាប​នេះ មាន​គោលដៅ​ប្រែក្លាយ​ក្រុង សៀមរាប ខេត្តសៀមរាប​ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ​សម្រាប់​ការ រស់នៅ ឱ្យ​សក្តិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់តែច្រើន​សំដៅ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ត​ភ្ជាប់​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​ទៅកាន់​តំបន់​ដាច់ស្រយាល​ផងដែរ​។

​កាលពី​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២១​នេះ​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​ចុះ​ពិនិត្យ​គុណភាព​នៃ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​តាមដាន និង​វាយតម្លៃ​បញ្ហា​បច្ចេកទេស​សាងសង់ ដើម្បី​ក្រើន រំលឹក​ឱ្យ​អង្គភាព​សាងសង់​ទាំងអស់​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​បទដ្ឋាន​បច្ចេកទេស​ប្រកបដោយ​ការទទួល ខុសត្រូវ​ខ្ពស់ ដែល​អាច​ធានាបាន​គុណភាព​ល្អ អាច​ប្រើប្រាស់​បានយូរ​អង្វែង កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ថវិកា ជាតិ និង​ខាតបង់​ពេលវេលា​ផងដែរ​។​

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​គុណភាព​ផ្លូវ​ជាក់ស្តែង លោក​ទេសរដ្ឋមន្ត្រី បាន​ច្រានចោល​មតិ​រិះគន់​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែលថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រើប្រាស់​សរសៃដែក​តូច លួច​គុណភាព មិន​គោរព​តាម​ស្តង់ដារ​បច្ចេកទេស​សាងសង់​ក្នុង​ការចាក់​ផ្លូវ បេតុង និង​ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច​។​
​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការសាងសង់​ផ្លូវ​ទៅតាម ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង ដើម្បី​ចូលរួម​សន្សំសំចៃ​ថវិកាជាតិ ពោលគឺ​៖ ក្រសួង​មិនចាំបាច់​ធ្វើ​ផ្លូវ​ស្តង់ដារ​តែមួយ​ទេ កន្លែង​ណា​ដែលមាន​ទឹក​ច្រើន ដឹក​ធ្ងន់ យើង​ត្រូវ​ចាក់​បេតុង ដូចជា​ផ្លូវ​ក្រវ៉ាត់​ក្រុង សៀមរាប ជាដើម និង​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា​៖ គម្រោង​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ​នឹង​បញ្ចប់ តាម​ផែនការ​គ្រោងទុក​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឱ្យ​អង្គភាព​សាងសង់ និង​ក្រុមការងារ ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ត្រូវ​យកចិត្តទុកដាក់​សាង​សង់​ដោយ​ឈរលើ​គោលការណ៍​គុណភាព​ជា​ចម្បង និង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​កុំឱ្យ​កកស្ទះ​ចរាចរណ៍ និង​ស្រោច​ទឹក​ឱ្យបាន​ជាប្រចាំ​ដើម្បី​កុំឱ្យ​រំខាន និង​ប៉ះពាល់​ដល់​សុខភាព​អ្នកធ្វើដំណើរ និង​បង​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ​៕