មនុស្សរាប់ពាន់នាក់បានជាប់នៅក្នុងរដ្ឋធានីដាក្ការបស់បង់ក្លាដែសនៅថ្ងៃចន្ទនេះ ខណៈអាជ្ញាធរបានបញ្ឈប់ការដឹកជញ្ជូនសាធារណៈស្ទើរតែទាំងអស់នៅមុនការបិទខ្ទប់ដ៏តឹងរ៉ឹង ដែលដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីកូវីដ១៩ដ៏ប្រល័យ។
ប្រទេសនេះបានរាយការណ៍ពីការស្លាប់ចំនួន ១១៩ នាក់កាលពីថ្ងៃអាទិត្យដែលជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានដោយសារកូវីដ១៩ ខណៈការឆ្លងថ្មីៗបានកើតឡើងជាមធ្យមប្រចាំថ្ងៃប្រហែល ៥.០០០ នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ក្រុមមន្ត្រីបានស្តីបន្ទោសចំពោះការកើនឡើងនូវករណីឆ្លងថ្មីៗនេះទៅលើមេរោគកូរ៉ូណាបំប្លែងខ្លួនឌែលតា ដែលចម្លងរាលដាលយ៉ាងខ្លាំង។
ភាគច្រើននៃប្រជាជនចំនួន ១៦៨ លាននាក់នៅប្រទេសអាស៊ីខាងត្បូងមួយនេះនឹងត្រូវបង្ខាំងក្នុងផ្ទះរបស់ពួកគេដល់ថ្ងៃព្រហស្បតិ៍ខាងមុខ ដែលជាផ្នែកមួយនៃការរឹតត្បិត ហើយមានតែសេវាកម្មចាំបាច់និងរោងចក្រផលិតសម្រាប់នាំចេញមួយចំនួនប៉ុណ្ណោះនឹងត្រូវអនុញ្ញាតឱ្យដំណើរការ។
ការប្រកាសបិទខ្ទប់នេះបានបង្កឱ្យមានការជម្លៀសពលករចំណាកស្រុកពីរដ្ឋធានីដាក្កាទៅកាន់ភូមិឋានកំណើតរបស់ពួកគេវិញកាលពីថ្ងៃអាទិត្យដោយមនុស្សរាប់ម៉ឺននាក់សម្រុកជិះសាឡាងដើម្បីឆ្លងទន្លេដ៏សំខាន់មួយ។
ការអនុវត្តច្បាប់បិទខ្ទប់នេះបានបណ្តាលឱ្យកម្មករនិយោជិតរាប់ពាន់នាក់នៅក្រុងដាក្កាត្រូវបង្ខំចិត្តដើរទៅធ្វើការរាប់ម៉ោងនៅថ្ងៃចន្ទនេះនៅក្រោមកម្តៅថ្ងៃក្តៅបែកក្រហែង។
មនុស្សរាប់សិបនាក់មើលឃើញដើរជាជួរៗនៅតាមដងផ្លូវធំៗកាលពីព្រឹកថ្ងៃចន្ទ។ កន្លែងធ្វើការនឹងត្រូវបិទចាប់ពីថ្ងៃពុធ៕