បាយការណ៍មួយបាននិយាយនៅថ្ងៃចន្ទទី២៨មិថុនានេះថា អំពើហិង្សាក្រោយរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើង ខណៈកងកម្លាំង “ស្វ័យការពារ” ដែលប្រឆាំងរបបយោធា បានបង្កើនការវាយបកលើយោធា ដោយរបាយការណ៍នេះព្រមានអំពីការបាត់បង់អាយុជីវិតដ៏ច្រើនសម្បើម ប្រសិនបើរបបយោធាប្រើអំណាចពេញលេញក្នុងការបង្ក្រាប។
យោងតាមអង្គការឃ្លាំមើលក្នុងតំបន់មួយបានឱ្យដឹងថា មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈដែលបានទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជីដោយមានមនុស្សជាង ៨៨០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបរបស់ពួកយោធាទៅលើអ្នកប្រឆាំង។
នៅតំបន់ខ្លះ អ្នកស្រុកដែលប្រើកាំភ្លើងបាញ់សត្វឬអាវុធកែច្នៃនៅរោងជាងបណ្តោះអាសន្នក្នុងព្រៃ បានបង្កើត “កងកម្លាំងស្វ័យការពារជាច្រើន” ដើម្បីប្រយុទ្ធវាយបកវិញ។
ជាការឆ្លើយតប យោធាបានប្រើឧទ្ធម្ភាគចក្រនិងកាំភ្លើងធំវាយទៅលើក្រុមស្វ័យការពារទាំងនោះនៅភាគពាយព្យនៃរដ្ឋឈីននិងតាមបណ្តោយព្រំដែនភាគខាងកើតជាប់ប្រទេសថៃ។
អង្គការវិបត្តិអន្តរជាតិ (ICG)បាននិយាយនៅថ្ងៃចន្ទនេះថា “ដោយប្រឈមមុខនឹងការបះបោរប្រដាប់អាវុធ ពួកតាម៉ាដាវ (យោធាមីយ៉ា) អាចរំពឹងបញ្ចេញកម្លាំងយោធារបស់ខ្លួនប្រឆាំងនឹងជនស៊ីវិល។ ការបាត់បង់អាយុជីវិតនឹងមានច្រើនសម្បើមណាស់ជាពិសេសស្ត្រីកុមារនិងមនុស្សចាស់ ដែលប្រឈមនឹងការលំបាកខ្លាំងបំផុតពីអំពើហិង្សានិងការភៀសខ្លួន”។
អង្គការ ICG បាននិយាយថា ការប៉ះទង្គិចគ្នាបានកើតឡើងនៅក្នុងតំបន់ដែលមិនមានជម្លោះអស់ជាច្រើនទសវត្សរ៍ដោយបង្ខំឱ្យទីភ្នាក់ងារមនុស្សធម៌នានាប្រណាំងប្រជែងនឹងពេលវេលាដើម្បីរៀបចំប្រតិបត្តិការនិងបណ្តាញផ្គត់ផ្គង់ថ្មី។
អង្គការសហប្រជាជាតិបាននិយាយកាលពីសប្តាហ៍មុនថា ប្រជាជនប្រមាណ ២៣ ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នានិងអសន្តិសុខ។
ក្រុមស្វ័យការពារទាំងនោះបានបន្ថែមស្ថានភាពជ្រួលច្របល់កាន់តែច្រើនទៀតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ក្រីក្រមួយនេះ កន្លែងដែលក្រុមឧទ្ទាមជនជាតិភាគតិចជាង ២០ ក្រុមបានកំពុងស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នានៃជម្លោះជាមួយរដ្ឋ មុនពេលមានរដ្ឋប្រហារ៕