យ៉ាងហោចណាស់មនុស្ស៧នាក់ស្លាប់ និង៥០នាក់ទៀតរងរបួសក្រោយពីការផ្ទុះដ៏ខ្លាំងបំផ្លាញអាគារកំពស់៣ជាន់មួយនៅកណ្តាលក្រុងដាក្កាកាលពីថ្ងៃអាទិត្យ។ពួកមន្ត្រីសង្ស័យថា ឧបទ្ទវហេតុនេះបង្កឡើងដោយការលេចធ្លាយបំពង់ហ្គាស។
ប៉ូលិសបាននិយាថា ការផ្ទុះនេះមានកម្លាំងខ្លាំងរហូតដល់ថ្នាក់ធ្វើអោយបែកកញ្ចក់រថយន្តក្រុងដែលកំពុងធ្វើដំណើរលើដងផ្លូវនិងរបួសអ្នកដំណើររាប់សិបនាក់។
មេប៉ូលិសក្រុងដាក្កាបាននិយាយថា យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់ក្នុងការផ្ទុះ តែផ្នែកអគ្គិភ័យនិយាយថាអ្នកស្លាប់មាន៣នាក់។មនុស្ស៥០នាក់ទៀតបានរងរបួស។
ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងដើម្បីរកមូលហេតុនៃការផ្ទុះអាគារដែលផ្ទុកភោជនីយដ្ឋានមួយ និងហាងជាច្រើន តែគេជឿថាការកើនឧស្ម័នមេតាននៅក្នុងបំពង់បង្ហូរឧស្ម័ននាំអោយផ្ទុះនៅជាន់ជាប់ដី។
មេប៉ូលិសក្រុងបានបដិសេធការវាយប្រហារពីជនអាក្រក់ណាមួយ ដោយលោកថា ឧបទ្ទវហេតុដូច្នេះកើតនៅក្នុងទីក្រុងនេះជាច្រើនលើកមកហើយនៅប៉ុន្មានឆ្នាំមកនេះ៕