ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ដំណើរការលើកថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុខាងត្បូងឈៀងខាងលិចប្រាសាទបាយ័ន ទៅរក្សាទុកនៅទីតាំងសុវត្ថិភាព។
លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាអ្នកទទួលខុសត្រូវការដ្ឋានលើកថ្មនេះ បានឱ្យដឹងថា ថ្មប្រាសាទដែលស្ថិតនៅរាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័នរាប់រយឆ្នាំមកហើយនោះ មានចំនួនជិត ៣០០០ដុំ មួយផ្នែករលុះបាក់ធ្លាក់ពីតួប្រាសាទក្បែរនោះ និងមួយផ្នែកទៀត ត្រូវគេជញ្ជូនយកទៅដាក់ក្នុងពេលដែលបារាំងធ្វើការជួសជុលប្រាសាទបាយ័ន (ប្រហែលចន្លោះឆ្នាំ ១៩១៣-១៩២៩)។
ថ្មដែលអ្នកជំនាញស្រង់បានមកភាគច្រើនជាប្រភេទថ្មភក់ មានដូចជាថ្មដំបូល ធ្នឹម សសរ ខឿន ថ្មកម្រាល បូករួមទាំងថ្មមានក្បាច់ចម្លាក់ជាដើម។ លោកបន្តទៀតថា គោលបំណងលើកថ្មនេះ គឺដើម្បីរៀបចំទុកដាក់ឱ្យមានសណ្ដាប់ធ្នាប់ល្អ ដើម្បីថែរក្សាទុកត្រៀមបម្រុងសម្រាប់ធ្វើការជួសជុលប្រាសាទឡើងវិញ៕