កម្ពុជាកំពុងតែប្រែក្លាយខ្លួន ឲ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
ជាក់ស្ដែងនាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើមី្បពិនិត្យ និងពិភាក្សាផ្តល់ធាតុចូល លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ដែលដឹកនាំដោយឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះ រៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា។
កិច្ចប្រជុំនេះ មានការចូលរួមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ អគ្គនាយកស្តីទីពាណិជ្ជកម្ម ក្នុងប្រទេស អគ្គនាយករងជំរុញ ពាណិជ្ជកម្ម ប្រធាន-ប្រធានស្តីទី នាយកដ្ឋាន-វិទ្យាស្ថានពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មជាច្រើនរូប។
កិច្ចប្រជុំផ្ទៃ ក្នុងពិនិត្យ និងពិភាក្សាផ្តល់ធាតុចូល លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ខាងលើនេះ ក្នុងគោលបំណង ប្រែក្លាយកម្ពុជា ឲ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទី ដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
បើតាមឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា អង្គប្រជុំបានពិនិត្យតាមរបៀបវារៈនៃមាតិកានីមួយៗ ដោយពិភាក្សា និងផ្តល់ជាធាតុចូល យ៉ាងផុលផុស លើខ្លឹមសារសំខាន់ៗជាអាទិ៍ សេចក្តីផ្តើម ចក្ខុវិស័យ គោលដៅនិងគោលបំណង និងយុទ្ធសាស្ត្រ នៃគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី។
ឯកឧត្តម រាជ រ៉ា បានឲ្យដឹងទៀតថា សម្រាប់កិច្ចការបន្ត នាយកដ្ឋាននឹងកែសម្រួលខ្លឹមសារ ដែលបានឯកភាព ស្របតាមស្មារតីអង្គប្រជុំ ដើមី្បដាក់ជូនកិច្ចប្រជុំបន្ត លើកក្រោយ។
បើតាមឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់ប្រាប់មកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ទីផ្សារស្វាយចន្ទី ក្នុងប្រទេសកម្ពុជា វានឹងមិនងាយបាត់បង់ឡើង ហើយលទ្ធភាព នៃការកើតឡើងនូវបញ្ហានេះ គឺស្តួចស្តើងបំផុត។
ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់ថា មូលហេតុនៃអំណះអំណាងនេះ គឺផ្អែកទៅលើទំនាក់ទំនងពាណិជ្ជកម្ម ដែលកំពុងមានជាធរមានហើយ និងប្រវត្តិ នៃតំរូវការទីផ្សារចំពោះគុណភាព គ្រាប់ស្វាយចន្ទីកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបានឲ្យដឹងទៀតថា កន្លងមកកម្ពុជា នាំចេញភាគច្រើន គ្រាប់ស្វាយចន្ទី មិនទាន់កែច្នៃ សំរាប់ប្រទេសជិតខាង ដែលទទួលទិញយកទៅកែច្នៃលក់បន្ត ប៉ុន្ដែបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីច្រើនកន្លែង ដែលអាចឈានទៅរកការកែច្នៃ ដើម្បីបំរើការនាំចេញបាន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ទៀតថា កម្ពុជាកំពុងសម្លឹង ទៅរកការនាំចេញ ទៅទីផ្សារគោលដៅផ្ទាល់ ដោយពុំបាច់ឆ្លងកាត់អន្តរការី។
ឯកឧត្តម ប៉ែន សុវិជាតិ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំគោលនយោបាយ ជំរុញការធ្វើពាណិជ្ជកម្ម ផលិតផលស្វាយចន្ទី ដែលមានការចូលរួម ពីអន្តរក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីជំរុញផលិតកម្ម ធានានិរន្តភាព ខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើនសមត្ថភាព។
ឯកឧត្តម ប៉ែន សុវិជាតិ បានអះអាងថា ការអនុវត្តគោលនយោបាយនេះ ធ្វើឡើងដើម្បីឲ្យមានប្រសិទ្ធិភាព នឹងត្រូវរំពឹងទុកថា អាចជួយកាត់បន្ថយថ្លៃដើម ជំរុញភាព ប្រកួតប្រជែង របស់ទំនិញស្វាយចន្ទីកម្ពុជា ឲ្យមានកំរិតខ្ពស់ ក្នុងតំបន់ និងពិភពលោក។ គោលនយោបាយនេះ នឹងរៀបចំចប់សព្វគ្រប់ ក្នុងពេលឆាប់ៗនេះ៕