លោក គីម ជុងអ៊ុន «ស្រកទម្ងន់» ធ្វើឲ្យប្រជាជនកូរ៉េខាងជើង ព្រួយបារម្ភខ្លាំង និងសម្រក់ទឹកភ្នែក

តាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថា សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចុះផ្សាយថា ប្រជាជនទាំងអស់របស់ប្រទេសនេះ កំពុងតែមានការព្រួយបារម្ភជាខ្លាំង បន្ទាប់ពីបានមើលឃើញមេដឹកនាំកំពូលរបស់ពួកគេ គឺលោក គីម ជុងអ៊ុន បង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ក្នុងការលក្ខណៈស្រកទម្ងន់ជាងមុន គួរឲ្យកត់សម្គាល់។

ការបញ្ចេញនូវទឹកចិត្តរបស់ប្រជាជនកូរ៉េខាងជើង ចំពោះថ្នាក់ដឹកនាំកំពូលផុតលេខរបស់ពួកគេ តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋដ៏កម្របែបនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មានបរទេសជាច្រើន បានចុះផ្សាយអំពីលោក គីម ជុងអ៊ុន ដែលបច្ចុប្បន្នមានវ័យ ៣៧ឆ្នាំទៅហើយនោះ «មានលក្ខណៈស្រកទម្ងន់គួរឲ្យកត់សម្គាល់» នៅពេលលោកបង្ហាញវត្តមាន កាលពីដើមខែមិថុនានេះ។

បុរសជនជាតិកូរ៉េខាងជើងម្នាក់ ដែលត្រូវបានសម្ភាសន៍ដោយទូរទស្សន៍រដ្ឋ KRT កាលពីចុងសប្តាហ៍មុន បានលើកឡើងយ៉ាងដូច្នេះថា «ក្រោយពីបានមើលឃើញ រូបរាងប្រមុខដឹកនាំកំពូលជាទីគោរពរបស់យើង (លោក គីម ជុងអ៊ុន) ស្គមជាងមុន ធ្វើឲ្យបេះដូងប្រជាជនទាំងអស់ខ្លោចផ្សាយ៉ាងខ្លាំង។ មនុស្សគ្រប់គ្នាសុទ្ធតែនិយាយបែបនេះ ហើយទឹកភ្នែករបស់ពួកគេ ក៏បានហូរស្រក់ចុះមក…»៕