មនុស្សស្លាប់កើនដល់៩នាក់ និងជាង១៥០នាក់បន្តបាត់ខ្លួន ក្នុងករណីរលំអគារនៅរដ្ឋផ្ល័ររីដា សហរដ្ឋអាមេរិក

យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា អាជ្ញាធរបានគូសបញ្ជាក់ឱ្យដឹងថា រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ នៅតំបន់មៃអាមីដេដ (Miami-Dade County) រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់ ០៩នាក់ហើយ ខណៈអ្នកបាត់ខ្លួនវិញកើនឡើងដល់ជាង ១៥០នាក់ ដែលធ្វើឱ្យក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ មានការខកចិត្តយ៉ាងខ្លាំង ចំពោះល្បឿននៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ។

ខណៈចំនួនអ្នកស្លាប់ បានកើនឡើងដល់ ០៩នាក់នៅថ្ងៃអាទិត្យនេះ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ មានការអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះដំណឹងមួយនេះ និងមានការព្រួយបារម្ភកាន់តែខ្លាំងផងដែរ ចំពោះការធ្លាក់ចុះនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ គ្មាននរណាម្នាក់ ត្រូវបានទាញចេញពីគំនរបាក់បែកនោះ ដោយនៅរស់រានមានជីវិតទេ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប៉ុន្មានម៉ោងបន្ទាប់ពីការបាក់រលំ ផ្នែកនៃអគារកម្ពស់ ១២ជាន់នោះមក។

សមាជិកគ្រួសារជនរងគ្រោះខ្លះ ត្រូវបានដឹកតាមរថយន្តក្រុង នៅថ្ងៃអាទិត្យនេះទៅកាន់ទីតាំងមួយ នៅជិតកន្លែងកើតហេតុនោះ បន្ទាប់ពីពួកគេបានបង្ហោញពីការខកចិត្តយ៉ាងខ្លាំង ទៅនឹងល្បឿននៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដោយបានទាមទារអាជ្ញាធរអនុញ្ញាតឱ្យពួកគេ ទៅរង់ចាំមើលនៅកន្លែងកើតហេតុ និងបានជំរុញឱ្យអាជ្ញាធរនាំអ្នកជំនាញមកពីប្រទេសផ្សេង មកជួយសង្គ្រោះផងដែរ។

ស្ត្រីម្នាក់បានប្រាប់ក្រុមអ្នកជួយសង្គ្រោះ ក្នុងកំឡុងកិច្ចប្រជុំជាមួយសមាជិកគ្រួសារជនរងគ្រោះ នៅចុងសប្តាហ៍មុននេះថា «កូនស្រីរបស់ខ្ញុំមានអាយុ ២៦ឆ្នាំមានសុខភាពល្អឥតខ្ចោះ។ នាងប្រាកដជាអាចចេញពីទីនោះបាន»។ អ្នកម្តាយរូបនេះបន្តថា «វាមិនគ្រប់គ្រាន់ទេ… សាកស្រមៃមើល ប្រសិនបើកូនរបស់អ្នកនៅទីនោះ»៕