រដ្ឋមន្ដ្រីកសិកម្ម ចុះពិនិត្យដំណើរការផលិតកម្មក្រុមហ៊ុនជីធម្មជាតិ នៅស្រុកឧដុង្គ និងអំពាវនាវដៃគូ អភិវឌ្ឍន៍ វិស័យឯកជន សហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីប្រកួតប្រជែងការនាំចេញ

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញចុះមកពិនិត្យខ្សែច្រវាក់ផលិតកម្ម ជីធម្មជាតិ របស់ក្រុមហ៊ុន ហ៊ុនយន់ អេហ្រ្គីខលឈ័រ ដែលមានទីតាំងស្ថិតនៅភូមិតាឡាក់ ឃុំក្សេ មក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោក យុន សុផាត នាយកក្រុមហ៊ុន បានឲ្យដឹងថា សិប្បកម្មជីធម្មជាតិភ្នំពេញ បានចាប់ផ្តើម ដំណើរការអាជីវកម្មនៅឆ្នាំ២០១៣។ បច្ចុប្បន្នសិប្បកម្មជីធម្មជាតិ មានលទ្ធភាពផលិតជីបាន ២០-៣០តោនក្នុង១ថ្ងៃ បរិមាណនេះអាស្រ័យលើធាតុអាកាសក្តៅ ឬភ្លៀង ព្រោះត្រូវការកំដៅដ្ងៃ សម្រាប់ហាលវត្ថុធាតុដើម ហើយផលិតផលត្រូវបានលក់ចែកចាយជូនអតិថិជននៅទីជិត ឆ្ងាយទៅតាមតម្រូវការក្នុងតម្លៃ ២៥០ដុល្លារក្នុង១តោន តម្លៃនេះអាស្រ័យលើសាវាដឹកជញ្ជូន។

លោក យុន សុផាត បានបន្តថា វត្ថុធាតុដើមដែលក្រុមហ៊ុនផលិតជីធម្មជាតិមានដូចជា៖ លាមកមាន់ គោ ជ្រូក កន្ទក់ ផេះអង្កាម ឆ្អឹងគោ និងថ្មកំបោរ។ល។ ដោយឡែក ប្រភេទជីទឹកប្រើវត្ថុធាតុដើមដូច ជា៖ គ្រប់ប្រភេទសំណល់បន្លែ ផ្លែឈើ ស្បែកគោ និងសំណល់ត្រីសមុទ្រ។ល។

ក្នុងឆ្នាំ២០២០ ក្រុមហ៊ុនផលិតជីបាន ២,៥០៧តោន ហើយ៦ខែ ដើមឆ្នាំ២០២១នេះ ក្រុមហ៊ុនផលិតបាន ១,០៣៥តោន ដោយចែកចេញជាប្រភេទជីគ្រាប់ ទឹក និងម្សៅកំបោរ។ ដោយសារសេចក្តីត្រូវការ ជីធម្មជាតិចេះតែមានការកើនឡើង ក្រុមហ៊ុនគ្រោងនឹងពង្រីកសក្តានុពលផលិតជីឲ្យបាន ៥០-១០០តោនក្នុង១ថ្ងៃ។

ឯកឧត្តម វេង សាខុន បានថ្លែងថា លើកទឹកចិត្ត និងគាំទ្រក្រុមហ៊ុនឲ្យពង្រីកសក្តានុពលផលិត ជីធម្មជាតិនេះ ដើម្បីចូលរួមបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក តបតាមកំណើន នៃការប្រើ ជីធម្មជាតិសម្រាប់ដំណាំបន្លែ ចូលរួមថែរក្សា និងកែលម្អគុណភាពដីកសិកម្ម កាត់បន្ថយហានីភ័យ ដោយសារការប្រើជីគីមីលើកសិផល និងសុខភាពសាធារណ កាត់បន្ថយការនាំចូល និងប្រើប្រាស់ ជីគីមី និងជាពិសេសចូលរួមប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុក ប្រើប្រាស់កាកសំណល់បន្លែ ផ្លែឈើ លាមកសត្វដែលសុទ្ធតែជាវត្ថុធាតុដើមមានប្រយោជន៍ ប៉ុន្តែត្រូវបានមើលរំលង។

ការកែច្នៃវត្ថុធាតុដើមទាំងអស់នេះ ក្រសួងសូមធ្វើការគាំទ្រ លើកទឹកចិត្ត និងរង់ចាំផ្តល់កិច្ចសហការ បន្ថែមទាំងបច្ចេកទេសកែច្នៃ វេចខ្ចប់ និងនិតិវិធីច្បាប់ពាក់ព័ន្ធមួយចំនួន ដើម្បីចូលរួមកាត់បន្ថយ ផលប៉ះពាល់បរិស្ថាន ការប្រកួតប្រជែង បរិយាប័ន្ន និងការប្រែប្រួលអាកាសធាតុ ដែលជាគោល នយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ប្រកបដោយចីរភាព និរន្តរភាព និងវិបុល ភាព។

សំខាន់ជាងនេះ ដោយសារជាក្រុមហ៊ុនក្នុងស្រុក បង្កើតដោយកូនខ្មែរបានបញ្ចប់ការសិក្សាពីក្រៅ ប្រទេស នាំយកចំណេះដឹង និងបទពិសោធន៍ មកអភិវឌ្ឍន៍ប្រទេសកំណើតខ្លួន លោករដ្ឋមន្រ្តីថា នឹងអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន មកសហការទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីពង្រីកផលិតភាពផលិតកម្ម លើកកម្ពស់គុណភាពផលិត សុខុមាលភាពកម្មករ បរិយាកាស កន្លែការងារល្អ ឆ្លើយតបតាមស្តង់ដារជាតិមួយជាក់លាក់ ចូលរួមប្រកួតប្រជែងជាមួយផលិតផលជី នាំចូល និងជាពិសេសរក្សាបាននូវនិរន្តរភាពផលិតកម្ម និងប្រសិទ្ធភាពសេដ្ឋកិច្ច។

ក្នុងឱកាសនេះ ក្រុមហ៊ុនបានជូនជីធម្មជាតិប្រភេទគ្រាប់ដល់ ឯកឧត្តម រដ្ឋមន្រ្តី ចំនួន១០តោន, ទឹក១០កេស និងម្សៅកំបោរសរីរាង្គ ១០តោនផងដែរ ដើម្បីយកទៅចែកជូនកសិករសាកពិ សោធន៍៕