វេជ្ជបណ្ឌិតចាក់វ៉ាក់សាំងរួចហើយជាង១០នាក់បានស្លាប់ដោយសារកូវីដ១៩នៅប្រទេសឥណ្ឌូនេស៊ី

វេជ្ជបណ្ឌិតជាងដប់នាក់ដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ចប់សព្វគ្រប់ហើយ បានស្លាប់ដោយជំងឺនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះបើតាមការបញ្ជាក់ពីសមាគមវេជ្ជសាស្ត្រមួយកាលពីថ្ងៃសុក្រទី២៥មិថុនា នៅពេលប្រទេសអាស៊ីអាគ្នេយ៍នេះកំពុងប្រឈមការផ្ទុះកូវីដធ្ងន់ធ្ងរក្នុងចំណោមបុគ្គលិកពេទ្យនិងកំណើននៃការឆ្លងវីរុសបំប្លែងខ្លួនប្រភេទថ្មីនៅក្នុងចំណោមប្រជាជនទូទៅ។

ការឆ្លងបានកើនឡើងនៅក្នុងប្រទេសដែលមានប្រជាជន២៧០លាននាក់នេះនៅរយៈពេលមួយសប្តាហ៍មកនេះ ដោយចំនួនឆ្លងសរុបឡើងហួស២លាននាក់កាលពីថ្ងៃចន្ទនៅពេលអត្រាអ្នកជំងឺចូលដេកពេទ្យកើនជាង៧០ភាគរយនៅក្រុងហ្សាការតា និងតំបន់រងគ្រោះខ្លាំងដទៃទៀត។

បុគ្គលិកពេទ្យប្រទេសឥណ្ឌូនេស៊ី ជិត១.០០០នាក់បានស្លាប់ដោយវីរុសកំណាចនេះចាប់តាំងពីពេលវាបង្ហាញវត្តមានតាំងពីដើមឆ្នាំមុនមក ដោយសមាគមវេជ្ជសាស្ត្រនៃប្រទេសនេះបានអះអាងថា វេជ្ជបណ្ឌិតដល់ទៅ៤០១នាក់ស្ថិតចំណោមជនរងគ្រោះ ក្នុងនោះ ១៤នាក់បានចាក់វ៉ាក់សាំងចប់សព្វគ្រប់ហើយ។នៅខែនេះ វេជ្ជបណ្ឌិតនិងបុគ្គលិកវេជ្ជសាស្ត្រជាង៣០០នាក់ដែលបានចាក់វ៉ាក់សាំងហើយនៅខេត្តចាវ៉ាកណ្តាល ក៏ត្រូវបានរកឃើញថាឆ្លងកូវីដ១៩ និងជាងដប់នាក់ចូលដេកពេទ្យ។

ប្រទេសឥណ្ឌូនេស៊ីកំពុងប្រឈមដោះស្រាយជាមួយនឹងការរាតត្បាតនៃវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីប្រភេទDeltaដែលគេរកឃើញដំបូងនៅឥណ្ឌានិងត្រូវអ្នកជំនាញការនិយាយថាវាចម្លងខ្លាំង។កំណើននៃការឆ្លងនេះមួយផ្នែកត្រូវបានបន្ទោសលើការធ្វើដំណើររបស់មនុស្សរាប់លាននាក់នៅពាសពេញផ្ទៃប្រទេសដែលមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើននេះនៅពេលចប់បុណ្យរ៉ាម៉ាដនកាលពីខែមុន ទោះរដ្ឋហាមមិនអោយធ្វើដំណើរនិងការជួបជុំសាសនាប្រចាំឆ្នាំក្តី៕