ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ផ្ញើសារអបអរសាទរលោកស្រី ស្រួង ភាវី ក្រោយឈ្នះជើងឯកស្នូកឃ័រកម្រិតពិភព លោកនៅកូរ៉េ

ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានផ្ញើសារចូលរួមអបអរសាទរ កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី បន្ទាប់ពីលោកស្រីដណ្ដើមបានជើងឯកក្នុងការ ប្រកួតកីឡាស្នូកឃ័រការ៉ុមកម្រិតពិភពលោក Blue One Resort LPBA Championship នៅ ប្រទេសកូរ៉េខាងត្បូង កាលពីថ្មីៗ កន្លងទៅ ។

ឯកអគ្គរាជទូតខាងលើ បានសម្ដែងនូវអំណរសាទរជាអនេក ចំពោះការដណ្ដើមបានជោគជ័យ ម្ដងហើយម្ដងទៀតរបស់កីឡាការិនីឆ្នើម ស្រួង ភាវី ហើយបានចាត់ទុកសមិទ្ធផលថ្មីលើឆាកអន្ដរ ជាតិនេះ គឺជាការនូវមកកិត្តិយសជូនជាតិ និងជាគំរូសម្រាប់កីឡាករ-កីឡាការិនី និងយុវជន-យុវនារី សម្រាប់ការចូលរួមលើកតម្កើងកិត្យានុភាពជាតិ តាមរយៈវិស័យកីឡានេះទៀតផង ។

ឯកឧត្តម ឡុង ឌីម៉ង់ បានបញ្ជាក់ថា «សមិទ្ធផលជោគជ័យ និងគំរូវីរភាពដ៏ល្បីរន្ទឺជាបន្ដបន្ទាប់ក្នុង អាជីពកីឡាស្នូកឃ័រជម្រើសជាតិកម្ពុជារបស់លោកស្រី ពិតជាបាននាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តម ដល់ប្រទេសជាតិ និងមោទនភាពជាតិក្រៃលែង ជាពិសេសក្នុងចំណោមសាធារណជនទូទៅនៃ សាធារណរដ្ឋកូរ៉េ ដែលតែងតែសម្ដែងការគោរពស្រឡាញ់ គាំទ្រ និងបានចាត់ទុកលោក ស្រីជាគំរូវីរ ភាពស្ដ្រីនៅក្នុងវិស័យកីឡា ។

ជោគជ័យគួរជាទីមោទនៈរបស់លោកស្រី ក៏នឹងក្លាយជាគំរូដ៏ថ្លៃថ្លា សម្រាប់យុវជន យុវជនារី និងកីឡាករកម្ពុជាទាំងអស់ ក្នុងការចូលរួមលើកតម្កើងកិត្យានុភាពជាតិយ៉ាង ថ្លៃថ្នលារបស់កម្ពុជានៅលើឆាកអន្ដរជាតិនាពេលខាងមុខផងដែរ» ។

សូមបញ្ជាក់ថា រយៈពេលជាង ១០ឆ្នាំមកហើយ ដែលលោកស្រី ស្រួង ភាវី បានទៅរស់នៅ សាធារណរដ្ឋកូរ៉េ ជាមួយស្វាមី ។ បន្ទាប់មកលោកស្រី បានចាប់ផ្ដើមអាជីពជាកីឡាការិនីស្នូក ឃ័រប្រភេទការ៉ុម និងបានកសាងកេរ្ដិ៍ឈ្មោះល្បីរន្ទឺនៅកូរ៉េ និងកម្ពុជា តាមរយៈការដណ្ដើមបាន មេដាយក្នុងព្រឹត្តិការណ៍ធំៗជាច្រើននៅកូរ៉េ និងលើឆាកអន្ដរជាតិ ទាំងកម្រិតអាស៊ី និងជើងឯក ពិភពលោក ជាក់ស្ដែងលោកស្រីក៏ជាអតីតម្ចាស់មេដាយសំរឹទ្ធពិភពលោក ឆ្នាំ២០១៨ នៅប្រទេស ទួកគី ផងដែរ៕