រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្ដារប្រឡាយមេចំនួន២ខ្សែ នៅសងខាងផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង ហើយគ្រោងនឹងស្ថាបនាផ្លូវលើខ្នងប្រឡាយ

ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង នៅប៉ែកខាង លិចនៃរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ អាជ្ញាធរខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ បន្តចុះកាយស្តារលូ ប្រឡាយសំខាន់ ៗមួយចំនួន ដើម្បីរំដោះជំនន់ទឹកជំនន់បញ្ជៀស ការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋនារដូវវស្សា។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀល ថ្ងៃទី២៥ ខែមិថុនាម្សិលមិញនេះបាននិយាយថា ប្រឡាយមេ ២ខ្សែ នៅអមសងខាងផ្លូវរថភ្លើងពី ផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រឡាយអូរលាវ ដើម្បីបើកមុខទឹកឱ្យហូរទៅកាន់បឹងទំនប់កប់ស្រូវ។

ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យផងដែរ។

លោក បានបន្តថា ការកាយស្ដារប្រឡាយដ៏សំខាន់ទាំង២ខ្សែនេះ ធ្វើឡើងក្រោយ ពីទទួលបាន បទបញ្ជាពី លោកអភិបាលរាជធានីភ្នំពេញ ទើបមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយ អាជ្ញាធរខណ្ឌធ្វើការកាយស្ដារតែម្តង ហើយគ្រោងនឹងស្តារបញ្ចប់នៅពេលដ៏ខ្លីខាងមុខ។

លោកបន្តអោយដឹងទៀតថា ការកាយស្តារប្រឡាយមេ ១ខ្សែ នៅខាងលិចផ្លូវរថភ្លើង ក្រុមការងារ កាយស្ដារក្នុងទំហំមុខប្រឡាយ ១២ម៉ែត្រ និងជម្រៅដល់ទៅ ៤ម៉ែត្រ ចំណែកឯប្រឡាយនៅខាង កើតផ្លូវរថភ្លើង ដែលបាននិងកំពុងកាយស្ដានេះមានទំហំមុខប្រឡាយ ៦ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ ដូចគ្នា។

លោកឱ្យដឹងដែរថា ដើមឡើយ ទីនេះជាប្រឡាយមេចាស់ ប៉ុន្តែត្រូវបានគោករាក់ដោយការចាក់ដី សំរាមហូរចូល និងស្មៅដុះជាច្រើនឆ្នាំ រហូតដល់លុបបាត់ប្រឡាយទាំងមូលតែម្ដង និងធ្វើឱ្យទឹក មិនអាចហូរកាត់ទីនេះទៅកាន់បឹងទំនប់កប់ស្រូវបានបង្កឲ្យមានការលិចលង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានប្រជាពលរដ្ឋនៅប៉ែកខាងលិចរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ជាពិសេសក្នុងទឹកដីខណ្ឌ កំបូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យ។

លោក ថា ក្រោយពីប្រឡាយមេទាំងពីរខ្សែនេះដំណើរការឡើងវិញ វានឹងមានតួនាទីរំដោះទឹកភ្លៀង ហូរមកពីស្រុកអង្គស្នួល នៃខេត្តកណ្ដាល ខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ។

លោករំពឹងថា នៅក្នុងរដូវវស្សាឆ្នាំនេះនឹងជួយកាត់បន្ថយការជន់លិច ដោយជំនន់ទឹកភ្លៀងនាប៉ែកខាងលិច រាជធានីភ្នំពេញ។

ចំណែកលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានបញ្ជាក់ថា នៅឆ្នាំក្រោយបន្ទាប់ពីកាយ ស្ដារប្រឡាយទាំង២ខ្សែនេះរួចហើយ រដ្ឋបាលខណ្ឌកំបូលក៏គ្រោងនឹងមានសំណើទៅរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីឈូសឆាយខ្នងប្រឡាយឱ្យរាបស្មើធ្វើជាផ្លូវឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន ជាពិសេសគឺអាចរំដោះការកកស្ទះចរាចរណ៍ពីកំណាត់ផ្លូវជាតិលេខ៤ បានផងដែរ៕