សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ នូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២១។
ក្នុងសារលិខិតនោះមានខ្លឹមសារថា «ខ្ញុំម្ចាស់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី និងបុគ្គលិក ទាំងអស់នៃកាកបាទក្រហមកម្ពុជាមានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន 1,000USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះ រាជូបត្ថម្ភ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២១ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»។
ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្រ្តី និងបុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជា «ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទាន ព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយ សង្គ្រោះប្រជារាស្រ្តកម្ពុជាក្រីក្រទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ»។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងបន្ដថា «ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះ រតនត្រ័យ តេជៈបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ និង ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តា ប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ក្នុងព្រះ មហាសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជារាស្រ្តកម្ពុជា»៕