តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ បញ្ជាក់ថា ព្រះមហាក្សត្រនៃប្រទេសប៊ូតង់ ព្រះចៅ Jigme Khesar Namgyel Wangchuck បាន យាងធ្វើ ដំណើរកាត់ព្រៃ កាត់ភ្នំរាប់រយគីឡូម៉ែត្រដើម្បីរាប់ចំនួនអ្នកស្លាប់ ដោយសារ COVID-19 ក៏ដូចជា ចុះសួរសុខទុក្ខប្រជាជននៅតាមតំបន់ដាច់ស្រយាល ព្រមទាំងបង្ហាញពីការចូលរួមរបស់ព្រះ អង្គក្នុង ការប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវមួយនេះ។
អស់រយៈពេលជាង១៤ខែមកនេះ ព្រះចៅប៊ូតង់ Jigme Khesar Namgyel Wangchuck មាន ព្រះជន្ម៤១ព្រះវស្សា បានយាងធ្វើដំណើរទាំងដោយថ្មើរជើង, តាមរថយន្ដ និងពេលខ្លះជិះសេះទៅកាន់ តំបន់ដាច់ស្រយាលនានានៅជុំវិញប្រទេស ក្នុងគោលបំណងចុះត្រួត ពិនិត្យដោយផ្ទាល់លើវិធានការនានាការពារប្រទេសដ៏តូចមានប្រជាជនជាង ៧សែននាក់របស់ព្រះ អង្គពី COVID-19។
នាយករដ្ឋមន្ត្រីប៊ូតង់ លោក Lotay Tshering បានលើកឡើងដូច្នេះថា៖ «នៅពេលព្រះមហាក្សត្រ យាងធ្វើដំណើររាបរយគីឡូម៉ែត្រ…ដើម្បីចុះសួរសុខទុក្ខនិងក្រើនរំលឹក ប្រជាជនឱ្យប្រុងប្រយ័ត្នពីជំងឺ COVID-19 ម្ដងៗ ព្រះរាជបន្ទូលរបស់ព្រះអង្គត្រូវបានរាស្ត្រគោរព និងស្ដាប់យ៉ាងយកចិត្តទុកដាក់ បំផុត»។ លោកបន្ថែមទៀតថាវត្តមានរបស់ ព្រះមហាក្សត្រគឺមានឥទ្ធិពលខ្លាំងជាងវិធានការណែនាំ ដាក់ចេញដោយអាជ្ញាធរទៅទៀតព្រោះវត្តមានរបស់ទ្រង់បង្ហាញឱ្យប្រជាជនបានដឹងថាពួកគេមិនមែនកំពុងប្រយុទ្ធ ប្រឆាំង COVID-19 តែម្នាក់ឯងនោះទេ។
ក្រោយយាងបំពេញដំណើរទស្សនកិច្ចរួចព្រះមហាក្សត្រប៊ូតង់តែងតែធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយក្នុងរាជធានី Thimphu ដោយអនុវត្តតាមវិធានការសុខាភិបាល យ៉ាងខ្ជាប់ខ្ជួនដើម្បីជាគំរូស ម្រាប់ប្រជាជន។
សូមបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្នប្រទេសប៊ូតង់មានអ្នកឆ្លង COVID-19 ចំនួន ២,០០៦នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយឡើងវិញ ១,៧៣៧នាក់៕