យានយន្ត ៨៨០គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១

យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៨៨០គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេស ត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ៦៨៥គ្រឿង និងរថយន្ត ១៩៥គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់អោយដឹង ។

បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៥ ខែមិថុនា ក្នុងឆ្នាំ២០២១នេះ នគរបាល ចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១០២,៣៥៣គ្រឿង ក្នុងនោះមានម៉ូតូ ៧៤,៩៣៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៧,៤១៦គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ទូរស័ព្ទ ល្មើសសញ្ញា បត់ជែង និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ ស្រវឹង ទូរស័ព្ទ អត់ខ្សែក្រវ៉ាត់ លើសចំណុះ អាជីវកម្ម ឆៀកជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យ យានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរ ដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កម្ពុជាក៏បានកើតឡើងចំនួន ០៤លើក ក្នុងនោះស្លាប់ ៣នាក់ របួស ០៣នាក់ (របួសធ្ងន់ ០២នាក់)។ រយៈពេល ១៧៦ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,២៣៤លើក បណ្ដាលឱ្យ មនុស្សស្លាប់ ៦៩០នាក់ របួស ១,៧៥៦នាក់ (របួសធ្ងន់ ១,០១៩នាក់)៕