អំពើឃាតកម្មដ៏ភ្ញាក់ផ្អើលនិងតក់ស្លុតមួយបានកើតឡើងនៅខាងកើតផ្សារសាមគ្គីក្រុងស្ទឹងត្រែងនាម៉ោង ៥ល្ងាចថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២១។ឃាតកម្មនៅកណ្ដាលចំណោមមនុស្សនេះគេឃើញ នារីម្នាក់និងបុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ។កាំភ្លើងខ្លីមួយដើមបានធ្លាក់នៅក្បែរសពក្រោយពីជនដៃដល់ជាឃាតករដើរសំដៅទៅបាញ់សម្លាប់នារីរងគ្រោះរួចហើយបាញ់ទម្លុះក្បាលខ្លួនឯងស្លាប់តាមក្រោយ។
លោកវរសេនីយ៍ឯកវ៉ាសុផាន់ស្នងការរងទទួលផែនព្រហ្មទណ្ឌរបស់ស្នងការនគរបាលខេត្តស្ទឹងត្រែងបានប្រាប់បានប្រាប់អ្នកកាសែតថា :ក្រោយពីមានឃាតកម្មកើត ឡើងលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថាស្នងការនគរបាលខេត្តបានចាត់កម្លាំងចុះទៅកន្លែងកើតហេតុភ្លាមៗ។ករណីឃាតកម្មខាងលើនេះជនដៃដល់បានប្រើកាំភ្លើងម៉ាកឡុកបាញ់លើនារីរងគ្រោះមួយគ្រាប់ចូលក្បែរគល់ត្រចៀកខាងស្តាំហើយក្បាលគ្រាប់ជាប់នៅខាងក្នុងបណ្ដាលឱ្យនាងដួលស្លាប់នៅនឹងកន្លែង។បន្ទាប់ពីបាញ់នារីរងគ្រោះមួយគ្រាប់រួចហើយជនដៃដល់បានបាញ់ខ្លួនឯងមួយគ្រាប់តែមិនផ្ទុះរួចក៏បញ្ចូលគ្រាប់ជាថ្មីហើយបាញ់គ្រាប់ទី៣ផ្ទុះចូលខាងក្រោយគល់ត្រចៀកខាងស្ដាំធ្លាយទៅក្បែរត្រចៀកខាងឆ្វេងស្លាប់តែម្ដង។
លោកស្នងការរងបានបញ្ជាក់ថានារីរងគ្រោះឈ្មោះសឿន ចាន់ណារីអាយុ២១ឆ្នាំបច្ចុប្បន្នរស់នៅ ភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែហ។ចំណែកបុរសដែលបានបាញ់សម្លាប់នារីរងគ្រោះឈ្មោះ មាស សារុំ អាយុ៣៥ឆ្នាំរស់នៅភូមិសង្កែបង្វែរ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
ហេតុការណ៍នេះកើតឡើងបណ្ដាលមកពីស្នេហាត្រីកោណ។កាលពីមុននារីរងគ្រោះនិងជនដៃដល់មានទំនាក់ទំនងស្នេហានឹងគ្នា។ក៏ប៉ុន្តែក្រោយមកនារីរងគ្រោះបានភ្ជាប់ពាក្យគ្រោងនឹងរៀបការជាមួយបុរសផ្សេងក្នុងពេលឆាប់ៗ។បុរសដែលជាខ្មាន់កាំភ្លើងបានធ្វើដំណើរពីខេត្តកំពតមកខេត្តស្ទឹងត្រែងសម្រាកនៅផ្ទះសំណាក់មួយកន្លែងមួយយប់រួចក៏បានបាញ់សម្លាប់នារីអតីតជាសង្សាររបស់ខ្លួនតែម្តង។ក្រោយពីកម្លាំងជំនាញមានមន្ត្រីសុខាភិបាលចុះពិនិត្យធ្វើតេស្តរកជំងឺកូវីដ១៩និងធ្វើកោសល្យវិច្ច័យរួចមកសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ។រីឯបុរសជាជនដៃដល់សពយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង៕