រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី កាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង ដែល ទទួលបាន។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដោយអនុលោម តាមផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជាសេនាធិការ និងដែលមានកិច្ចសហការពីក្រុមគ្រូពេទ្យនៃកង យោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក និងក្រុមគ្រូពេទ្យនៃអង្គភាពផ្សេងៗបានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅនៅរាជធានីភ្នំពេញបានយ៉ាងរលូនស្របតាមជំហានកម្មវិធីការងារដែលបានគ្រោងទុក ហើយប្រជាពលរដ្ឋក៏បានស្ម័គ្រចិត្តយ៉ាងសស្រាក់សស្រាំតម្រង់ជាជួរមកចាក់វ៉ាក់សាំងតាមគោលដៅនៃខណ្ឌនីមួយៗ ដែលគិតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានចំនួន ១,៦៦២,៣៥៦ នាក់ (ដូសទី១) និង ១,៤៩៨,៧៨៧ នាក់ (ដូសទី២)។
ប៉ុន្តែ ទោះជាយ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេសង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនតូច ទៀតពុំទាន់រួសរាន់មកទទួលការចាក់វ៉ាក់សាំងនៅឡើយ។ ដើម្បីឈានទៅសម្រេចលទ្ធផលឱ្យបានជោគជ័យ១០០% ស្របតាមផែនការយុទ្ធសាស្ត្ររបស់ គណៈកម្មការចាក់វ៉ាក់សាំង និងរាជរដ្ឋាភិបាល ដែលគ្រោងបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២១នោះ រដ្ឋបាលរាជធានីភ្នំពេញ
សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅស្នាក់នៅ ប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ដែលពុំទាន់បានទទួលការចាក់វ៉ាក់សាំង សូអញ្ជើញរួសរាន់មកចាក់វ៉ាក់ សាំង ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កុំបីខាននៅតាមទីតាំង ដែលបានកំណត់ក្នុងខណ្ឌទាំង១៤៕