យោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ ដោយបានបញ្ជាក់អោយដឹងថា អាជ្ញាធរបានគូសបញ្ជាក់ឲ្យដឹងថារហូតមកទល់ពេលនេះចំនួន មនុស្សស្លាប់ដោយសារការបាក់រលំអគារខុនដូរកម្ពស់១២ជាន់មួយ នៅឯតំបន់ម៉ៃអាមីដេដ (Miami-Dade County) ក្នុងរដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក កើនដល់០៤នាក់ហើយ ខណៈអ្នក បាត់ខ្លួនវិញកើនដល់ ១៥៩នាក់។
លោកអភិបាលក្រុង Miami-Dade មានប្រសាសន៍ថា ពួកគេនៅ តែមានសង្ឃឹមក្នុងការស្វែងរកអ្នក នៅរស់រានមានជីវិត ខណៈដែលក្រុមអ្នកជួយសង្គ្រោះបាន រាយការណ៍ថា បានលឺសំឡេងមនុស្សចេញពីខាងក្រោមគំនរបាក់បែក។
ជុំវិញបញ្ហានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានអនុម័តលើសេចក្តីប្រកាស បន្ទាន់មួយនៅក្នុងរដ្ឋផ្ល័ររីដា ហើយបញ្ជាឱ្យមានការជួយជ្រោមជ្រែងពីអាជ្ញាធររដ្ឋាភិបាលសហព័ន្ធ ដើម្បីគាំទ្របន្ថែមចំពោះ កិច្ចខិតខំប្រឹងប្រែងឆ្លើយតបស្ថានការណ៍ របស់អាជ្ញាធររដ្ឋ។
សូមជម្រាបថា អគារខុនដូរដែលបានបាក់រំលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា សាង សង់ឡើងនៅក្នុងឆ្នាំ១៩៨១ដោយមានសរុប១៣៦បន្ទប់ហើយជិត៥៥បន្ទប់នៃបន្ទប់ទាំងអស់បានបាក់រលំ៕