លោក សួង ហួត ត្រូវបានតែងតាំងជាប្រធានថ្មីសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ជំនួសលោក សោម អូន ដែលឡើងជារដ្ឋលេខាធិការក្រសួងការងារ

បន្ទាប់ពីឯកឧត្តម សោម អូន អតីតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) អាណត្តិទី១ និងទី២ ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងមុខតំណែង ជារដ្ឋលេខា ធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួចមក លោក សួង ហួត ក៏បានជាប់ឆ្នោតជា ប្រធានថ្មីនៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជានេះ។

ពិធីប្រកាសផ្ទេរតំណែងប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា អាណត្តិទី៣ ដែលរៀបចំឡើងនា ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ទទួលបានកិត្តិយសចូលរួមពីសំណាក់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នាឱកាសនោះ លោក អ៊ិត សំហេង ក៏បានអបអរសារទរចំពោះឯកឧត្តម សោម អូន ដែលត្រូវបាន ព្រះមហាក្សត្រសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងមុខតំណែង ជារដ្ឋលេខាធិការនៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានអបអរសាទរចំពោះលោក សួង ហួត ដែលបានទទួលនូវ សេចក្តីទុកចិត្ត និងជ្រើសតាំងជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បន្តពីលោក សោម អូន។

បើតាមរបាយការណ៍របស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានឲ្យដឹងថា សភាសម្ព័ន្ធសហជីព ជាតិកម្ពុជា (NACC) បានបង្កើតឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០៧ ដោយមានការចូល រួមចងជាសម្ព័ន្ឋភាពពីសហភាពចំនួន ៣ និងសហព័ន្ធចំនួន ៨។ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) គឺជាសម្ព័ន្ធសហភាពសហជីព ដែលបានបង្កើតដំបូងគេបំផុតនៅកម្ពុជា ស្របពេលវិស័យ ឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌមានការរីកចម្រើន ហើយពេលនោះវិវាទការងារក៏មានការ កើតឡើងគួរកត់សម្គាល់ផងដែរ។

ដោយសារតែភាពសកម្មហើយ មានទស្សនវិស័យ និងគោលដៅច្បាស់លាស់ សភាសម្ព័ន្ធសហជីព ជាតិកម្ពុជាទទួលបានការទាក់ទាញ និងការចាប់អារម្មណ៍ពីសំណាក់សហព័ន្ធសហជីព អង្គការ សមាគមដទៃទៀតចូលរួមជាសមាជិក និងបានចងជាសម្ព័ន្ធភាព ដែលរហូតមកដល់ពេលនេះ NACC មានសហភាពចំនួន ៧ និងសហព័ន្ធសហជីព សមាគម អង្គការរសុបចំនួន ៥៦ ក្នុងនោះ មានសមាជិកបម្រុងចំនួន ៤ សហព័ន្ឋសហជីព។

សភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានធ្វើសកម្មភាពនិងប្រមូលចងក្រងសមាជិកនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិស័យទេសចរណ៍ វិស័យ ស្បៀងអាហារ និងវិស័យកសិកម្ម។ បច្ចុប្បន្នសភាសម្ព័ន្ធសហជីពជាតិកម្ពុជាមានសមាជិកសរុបគ្រប់ វិស័យជាង ៤៥ ម៉ឺននាក់៕