ប្រទេសឡាវនឹងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជនក្នុងរដ្ឋធានីវៀងច័ន្ទន៍ ឱ្យបាន៨០ភាគរយ ក្នុងឆ្នាំ២០២១នេះ

យោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១បានបញ្ជាក់អោយដឹងថាក្រសួងសុខាភិបាលឡាវ មានគម្រោងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជននៅទីក្រុងវៀងច័ន្ទន៍ (Vientiane) ឱ្យបានប្រមាណ៨០ភាគរយនៅចុង ២០២១ឆ្នាំនេះ ដើម្បីបង្កើតភាពស៊ាំជាសហគមន៍ប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

បើតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានឡាវ គិតត្រឹមថ្ងៃព្រហស្បតិ៍ ប្រជាជនជាង ២៦០,០០០នាក់ហើយនៅទីក្រុងវៀងច័ន្ទន៍ ដែលបានទទួលការចាក់វ៉ាក់សាំង យ៉ាងហោចណាស់ ០១ដូស ដោយប្រើប្រាស់វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិន Sinopharm, ក្រុមហ៊ុន អាមេរិក Pfizer និងក្រុមហ៊ុនអង់គ្លេស AstraZeneca។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលឡាវ ក៏មានគម្រោងចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ ប្រជាជនរបស់ខ្លួនឱ្យបានប្រមាណ ៥០ភាគរយក្នុងចំណោមប្រជាជនសរុបជាង ៧.៣៨លាននាក់ ក្នុងកំលុងពេលដូចគ្នាដែរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសឡាវ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២,០៨០ករណី ក្នុងនោះមានអ្នកស្លាប់ ០៣នាក់ និងអ្នកជាសះស្បើយ ១,៩៦២នាក់៕