យានយន្ត ៥៨៣គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១

យោងតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងកា រដ្ឋាននគរ បាលជាតិ បញ្ជាក់ប្រាប់អោយដឹងថា យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៥៨៣គ្រឿង ទៀត ត្រូវបាននគរបាលទូទាំងប្រទេស ត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១នេះ ក្នុងនោះមានម៉ូតូ ៤២៥គ្រឿង និងរថយន្ត ១៥៨គ្រឿង។

បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៤ ខែមិថុនា ក្នុងឆ្នាំ២០២១នេះ នគរបាល ចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១០១,៤៧៣គ្រឿង ក្នុងនោះមានម៉ូតូ ៧៤,២៥២គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៧,២២១គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ទូរស័ព្ទ ល្មើសសញ្ញា បត់ជែង និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ ស្លាកលេខ ស្រវឹង ទូរស័ព្ទ អត់ខ្សែក្រវ៉ាត់ លើសចំណុះ អាជីវកម្ម ឆៀកជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យ យានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរ ដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបាន លះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កម្ពុជាក៏បានកើតឡើងចំនួន ០៣លើក ក្នុងនោះស្លាប់ ០នាក់ របួស ០៦នាក់ (របួសធ្ងន់ ០៥នាក់)។ រយៈពេល ១៧៥ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,២៣០លើក បណ្ដាលឱ្យ មនុស្សស្លាប់ ៦៨៧នាក់ របួស ១,៧៥៣នាក់ (របួសធ្ងន់ ១,០១៧នាក់)៕