អតីតប្រធានាធិបតី បេនីកណូ អាគីណូ ដែលអាណត្តិរបស់លោកត្រូវបានកត់សំគាល់ដោយវិបុលភាពអស់ពេលដ៏យូរសំរាប់ប្រជាជនហ្វីលីពីន បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍នៅអាយុ៦១ឆ្នាំ។ជាកូនប្រុសរបស់ជនគំរូប្រជាធិបតេយ្យហ្វីលីពីន កូរ៉ាហ្សូន អាគីណូ លោកអាគីណូ បានធ្វើជាប្រធានាធិបតីចាប់ពីឆ្នាំ២០១០ដល់២០១៦។
សមាជិកព្រឹទ្ធសភាម្នាក់បានអះអាងអំពីដំណឹងមរណភាពនេះ តែក្រុមគ្រួសារលោកនៅមិនទាន់បញ្ជាក់នៅឡើយទេ ទោះជាយ៉ាងណាអង្គការសារព័ត៌មានជាច្រើនបានស្រង់សម្តីពីប្រភពស្និទ្ធនឹងគ្រួសារនិងសម្ពន្ធមិត្តរបស់លោកអាគីណូ ដែលថា លោកអាគីណូ បានស្លាប់ដោយជំងឺសួត។
អាគីណូ បានលាឈប់ពីប្រធានាធិបតីហ្វីលីពីន បន្ទាប់ពីបំពេញអាណត្កិ៦ឆ្នាំ ដែលត្រូវបានកោតសរសើរខ្លាំងនៅបរទេស តែត្រូវពួកអ្នកបោះឆ្នោតក្នុងស្រុកថ្កោលទោស។ពេលកាន់តំណែង សេដ្ឋកិច្ចហ្វីលីពីនកើនជាង៦ភាគរយ ដែលជាកំរិតខ្ពស់បំផុតចាប់តាំងពីទសវត្សរ៍១៩៧០មក។រដ្ឋាភិបាលរបស់លោក ទទួលបានឋានៈកំរិតវិនិយោគ នៅពេលហិរញ្ញវត្ថុរបស់វាមានស្ថិរភាព។ទោះជាយ៉ាងណា ពួកអ្នកបោះឆ្នោតទំនងជាអោយកាតក្រហមដល់លោក ចំពោះបរាជ័យក្នុងការលុបបំបាត់ភាពក្រីក្រទូទៅ។
លោក អាគីណូ បាននិយាយថា អាទិភាពកំពូលរបស់លោកក្នុងពេលកាន់តំណែង៦ឆ្នាំ គឺដោះស្រាយអំពើពុករលួយ ដែលចូលទន្ទ្រានគ្រប់វិស័យសង្គមហើយលោកទទួលបានជ័យជម្នះខ្លះខណៈថវិការរដ្ឋកាន់តែមានតម្លាភាព ។
លោក អាគីណូ បានដាក់ជម្លោះដែនសមុទ្រជាមួយចិននៅសមុទ្រចិនខាងត្បូង ជារបៀបវារៈកំពូលនៃគោលនយោបាយការបរទេសរបស់លោក។លោកបានប្តឹងទៅតុលាការអន្តរជាតិដើម្បីប្រឆាំងការអះអាងរបស់ចិនលើតំបន់ដែលហ្វីលីពីនចាត់ទុកថាជារបស់ខ្លួន ហើយបង្កើនចំណាយយោធាដើម្បីទប់ទល់នឹងការគំរាមរបស់ចិន៕