យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយបានបញ្ជាក់អោយដឹងថា មន្រ្តីសេតវិមានម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នឹងចាប់ផ្តើមដឹក ជញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ផលិតដោយ ក្រុមហ៊ុន Johnson & Johnson ចំនួន «៣លានដូស» ទៅកាន់ប្រេស៊ីល ជាប្រទេសដែលមានចំនួន អ្នកស្លាប់ ដោយសារជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះ ខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភព លោក។
មន្រ្តីរូបនោះបានគូសបញ្ជាក់ថា ការដឹកជញ្ជូនដែលជាផ្នែកមួយ នៃកិច្ចសន្យារបស់ទីក្រុង វ៉ាស៊ីនតោន ក្នុងការបរិច្ចាគវ៉ាក់សាំងចំនួន ៨០លានដូស នឹងចាកចេញពីទីក្រុង ហ្វត ឡូដឺដាល (Fort Lauderdale) នៃរដ្ឋផ្លូរីដា (Florida) សហរដ្ឋអាមេរិក តាមជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍ អាហ្សាល់ (Azul) នៅល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង ខេភីណាស៍ (Campinas) ជាទីក្រុងមួយដែលស្ថិតនៅភាគ អាគ្នេយ៍ប្រទេសប្រេស៊ីល ដែលមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រពីទីក្រុង សៅ ប៉ូឡូ (Sao Paulo)៕