គ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុក កាលពីសម័យសង្គ្រាម ចំនួនជិត ១០០ គ្រាប់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ប្រទះឃើញ ខណៈដែល ក្រុមការងារ នៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ ធ្វើសកម្មភាពជីក ស្តារប្រឡាយម័ល នៅក្នុងភូមិសាស្ត្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមាន ប្រវែងជិត ៣ គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋ ដោយជំនន់ ទឹកភ្លៀង នារដូវវស្សានេះ ហើយបានប្រទះឃើញ គ្រាប់ទាំងនេះ នៅបាតប្រឡាយ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានមានប្រសាសន៍ ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ មិថុនានេះថាៈ ក្រោមការណែនាំ របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ក្រុមការងារនៃ មន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បាននឹងកំពុងធ្វើសកម្មភាព ស្តារប្រឡាយម័ល ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានប្រវែង ២.៨១៥ ម៉ែត្រ ទទឺងចាប់ពី ២០ ម៉ែត្រ ទៅ ៣០ ម៉ែត្រ ចាប់ពីស្ថានីយ បូមទឹកលូ៥ ដល់ស្ថានីយបូមទឹក បឹងទំពុន ហើយបើគិតមកដល់ ថ្ងៃទី២៤ មិថុនានេះ ការងារស្តារ ប្រឡាយម័ល សម្រេចបាន ១.៦០០ ម៉ែត្រហើយ ស្មើនឹង ៥៩,៩ ភាគរយ ដែលគ្រោង នឹងបញ្ចប់ នៅចុងខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ។
លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ថាៈ ប្រឡាយម័លនេះ ពិតជាមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹក ពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀង មួយផ្នែកខ្លះ នៃខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ។
អាជ្ញាធររាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញ បាននឹងកំពុងរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែសកម្មភាពស្តារ និងអភិវឌ្ឍន៍មូលដ្ឋានរាជធានី នៅតែបន្តដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍ និងដៃម្ខាងទៀត បង្ការនិងទប់ ស្កាត់ជំងឺកូវីដ-១៩៕