វាគ្មិន ចំនួន៤រូប នឹងចូលខ្លួនបកស្រាយប្រធានបទ “ការគោរពសិទ្ធិឯកជន” នៅព្រឹកស្អែកនេះ

ក្លិបអ្នកកាសែតកម្ពុជា(ក.អ.ក) នឹងបើកវេទិកាពិភាក្សាសារពត៌មានតាមរយៈហ្សូម (Zoom meeting)ក្រោមប្រធានបទ “ការគោរពសិទ្ធិឯកជន”ដែលនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ចាប់ពីម៉ោង៨៖៣០នាទីព្រឹកដល់ម៉ោង១១,៣០នាទីថ្ងៃត្រង់។នៅក្នុងវេទិកានេះមានវាគ្មិនសំខាន់ៗចំនួន៤រូបចូលរួមក្នុងនោះមានវត្តមានរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិ,លោកលី សុផាណា ព្រះរាជអាជ្ញាក្រសួងយុត្តិធម៌,លោក ប៉ែន បូណា ប្រធាន ក្លិបអ្នកកាសែតកម្ពុជានិង លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្លិបអ្នកកាសែតកម្ពុជាបានឲ្យដឹងថា៖គោលបំណងនៃការរៀបចំវេទិកានេះដើម្បីផ្ដល់ឱកាសដល់អ្នកសារពត៌មានបានស្វែងយល់ឲ្យកាន់តែស៊ីជម្រៅថែមទៀតអំពីច្បាប់និងបទដ្ឋានគតិយុត្តដែលពាក់ពន្ធ័និងសិទ្ធិបុគ្គលឯកជនរួមទាំងធាតុផ្សំបទល្មើសដែលអាចនឹងឈានដល់ការប្តឹងផ្តល់ពីបទបរិហាកេរ្តិ៍ ប្រ ឈមការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ខណៈដែលកន្លងមកអ្នកសារព័ត៌មានមួយចំនួនតែងជួបប្រទះនៅពេលយកព័ត៌មាននិងផ្សាយព័ត៌មាន ។

តាមកម្មវិធីលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជានឹងថ្លែងបើកកម្មវិធីដោយលើកឡើងពី«ស្ថានភាពប្រព័ន្ធផ្សព្វផ្សាយលើសិទ្ធិឯកជននៅកម្ពុជា»។

បន្ទាប់មកគឺចំណាប់អារម្មណ៍របស់ លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជាស្តីពី «ករណីនៅប្រទេសជប៉ុននិងនៅតាមបណ្តាប្រទេសអាស៊ាន» ។

ចំណាប់អារម្មណ៍ របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋានគរបាលជាតិស្តីពី៖«ការអនុវត្តច្បាប់ និង សិទ្ធិឯកជន» ។ចំណាប់អារម្ម ណ៍របស់លោក លី សុផាណា ព្រះរាជអាជ្ញាក្រសួងយុត្តិធម៌ស្តីពី ៖ «វិសាលភាពនៃសិទ្ធិឯកជននិងក្របខណ្ឌច្បាប់» និង ចុងក្រោយគឺ សំណួរ-ចម្លើយ ។

ក្លិបអ្នកកាសែតកមម្ពុជាយល់ឃើញថាវេទិកាពិភាក្សានេះមានសារសំខាន់សម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា និង បានសុំឲ្យអ្នកសារព័ត៌មានទាំងអស់ចូលរួមនៅក្នុងវេទិកា នេះឲ្យបានច្រើនកុះករ ៕