ប្រជាពលរដ្ឋក្រីក្រ ប្រហាក់ប្រហែល ចំនួន ១៥ ០០០ គ្រួសារ នឹងទទួលបានដី សម្រាប់រស់នៅ និងប្រកបរបរកសិកម្ម តាមរយៈគម្រោង បែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ទី៣ (LASED III)។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើម អនុវត្តគម្រោង បែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ សេដ្ឋកិច្ច ដំណាក់ទី៣ កាលពីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថាៈ គម្រោងដំណាក់កាលទី៣ ជាគម្រោងមួយបន្តពីគម្រោងដំណាក់ កាលទី២ ដែលទទួលកម្ចីឥណទាន ពីធនាគារពិភពលោក មានរយៈពេល ៦ ឆ្នាំ ដែលចាប់អនុវត្ត ពីខែតុលា ឆ្នាំ២០២០ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។គម្រោងនេះ មានថវិកា សរុប ១០៧ លានដុល្លារអាម៉េរិក ក្នុងនោះ ៩៣ លានដុល្លារ ជាថវិកាកម្ចីពី ធនាគារពិភពលោក (IDA) និង ១៤ លានដុល្លារ ជាថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលអនុវត្តដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ឯកឧត្តម បានបន្តថាៈ គម្រោងបែងចែកដី សម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ កាលទី៣ គឺជាគម្រោង ដែលមានសកម្មភាព ដើម្បីគាំទ្រដល់ ការអនុវត្តកម្មវិធី សម្បទានដីសង្គមកិច្ច របស់ រាជរដ្ឋាភិបាល ដើម្បីបែងចែកដី ដល់អ្នកក្រីក្រ គ្មានដី តាមរយៈសម្បទានដីសង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាព របស់គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។
គម្រោងនេះ គ្របដណ្តប់លើខេត្តគោលដៅដែលមានដី សមស្រប អំណោយផល សម្រាប់យកមកអនុវត្ត លើកលែងតែរាជធានីភ្នំពេញ ដែលផ្តោតការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការផ្តល់សេវាគាំទ្រ បច្ចេកទេស សម្រាប់ការប្រកបរបរ ចិញ្ចឹមជីវិត ផ្អែកលើកសិកម្ម ជាមូលដ្ឋាន។
ឯកឧត្តម បានឲ្យដឹងទៀតថាៈ តាមរយៈគម្រោង ខាងលើ ប្រជាពលរដ្ឋក្រីក្រ នឹងមានជីវភាពរស់នៅ យ៉ាងល្អប្រសើរ តាមរយៈការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងការរៀបចំគ្រប់គ្រង ជាសហគមន៍កសិកម្ម ដើម្បីនិរន្តរភាព ទៅអនាគត។ ម្យ៉ាងវិញទៀត ពួកគាត់នឹងមានលទ្ធភាព ទទួលបានធនធានកសិកម្ម ការរៀបចំ ទៅជាកសិពាណិជ្ជករ និងសេវាសង្គមទូទៅ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវថ្នល់ នៅក្នុងសហគមន៍ នៃគម្រោងផងដែរ។
ក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថាៈ ក្នុងចំណោមការងារ សំខាន់ៗ ស្ថិតក្រោមសមត្ថកិច្ចរបស់ ក្រសួងរៀបចំ ដែនដីការងារសម្បទានដី សង្គមកិច្ច គឺជាការងារស្នូលមួយ ដែលរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ជាប្រចាំ ដើម្បីធានាសម្រេចបាន នូវការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្ធ។
ឯកឧត្តម បានបន្តថាៈ ជារួមគិតពីពេលចាប់ផ្តើម រហូតដល់បំណាច់ ខែឧសភា ឆ្នាំ២០២១ កម្មវិធីសម្បទានដី សង្គមកិច្ច គ្រប់ប្រភេទរបស់រដ្ឋាភិបាល សម្រេចផ្តល់ដី សរុបទំហំ ១,៣ លានហិកតា ជូនប្រជាពលរដ្ឋក្រីក្រ សរុបជិត ៥០ ម៉ឺនគ្រួសារ និងសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋ សរុបចំនួន ៧ ៧៦៩ ខ្នង៕