អាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ ក្រោយទ្រុឌទ្រោមរាប់ រយឆ្នាំមកហើយ

ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង ៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិស ខាងលិចនៃប្រាសាទបាយ័ន្ត។ ខ្លោងទ្វារនេះសង់អំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូប ព្រះមុខបួនចំនួន ៣ នៅពីលើកំពូលកណ្តាលមានកម្ពស់រហូតដល់ ២៣ ម៉ែត្រ។ រីឯតាមចំណុចកែងនៃខ្លោងទ្វារមានរូបព្រះឥន្ទគង់លើដំរីឰរាវ័ណ (ដំរីក្បាលបី) ហើយនៅខាងលិច មានស្ពានហាលដែលមានលម្អដោយរូបទេវតា និងយក្សទាញនាគវាសុកី។

ដោយសារកត្តាអាយុកាល អាកាសធាតុ និងសង្គ្រាម បានធ្វើឲ្យដើមឈើដុះលើ និងក្បែរ បាន បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាដួលរលំស្ទើរអស់គ្មានសល់ ហើយបានធ្វើឱ្យរចនា សម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ បានរងនូវការខូចខាតជាខ្លាំង ដោយរូបចម្លាក់ព្រះឥន្ទគង់លើ ដំរីឰរាវ័ណបានរលុះធ្លាក់ដី ដំបូលរលុះ និងផ្នែកនៅសល់បានហែកញែករកកលនឹងរលុះធ្លាក់មកដី។

កញ្ញា ហាន សុច្ចរី ស្ថាបត្យករ និងជាអ្នកទទួលបន្ទុកលើការងារជួសជុលបង្កាន់ដៃរូបទេវតា និងអសុរ បានឱ្យដឹងថា ដំណើរការជួសជុលនេះ គឺមានកិច្ចការងារចម្បងៗចំនួនបី ដែលត្រូវធ្វើជាចាំបាច់ រួមមាន៖ ការងាររៀបរន្ទារទល់ទ្រពង្រឹងរចនាសម្ពន្ធប្រាង្គខ្លោងទ្វារទាំងមូល ដើម្បីការពារសុវត្ថិភាព ក្នុងពេលធ្វើការ និងផ្តល់លទ្ធភាពសម្រាប់អ្នកបច្ចេកទេសសិក្សាបច្ចេកទេសរួម ក្នុងការជួសជុល, ការងារជួសជុលពង្រឹងជើងខឿនជ្រុងពាយព្យហើយ និងដំរីអាទិទេព, និងការងារជួសជុលស្ពាន ប្រវែង ១០ ម៉ែត្រ។ ចំពោះការងារជួសជុលខាងលើនឹងត្រូវអនុវត្តទន្ទឹមគ្នា គ្រោងនឹងដំណើរការ ដំណាលគ្នា។

ចំពោះបញ្ហាដែលក្រុមការងារជួបប្រទះ មានដូចជាស្ថានភាពរូបចម្លាក់អមសងខាងស្ពានមាន ភាពទ្រុឌទ្រោមស្ទើរតែរាបដល់ដី ថ្មចម្លាក់មាននៅលាយឡំគ្នា និងខ្លះទៀតបានបាត់បង់ ធ្វើឱ្យក្រុម ការងារពិបាកក្នុងការស្វែងរកថ្មមករៀបចំផ្គុំឡើងវិញ និងការសិក្សាកំណត់យកអ័ក្សរួមនៃថ្មកម្រាល ចម្លាក់ លើរចនាសម្ពន្ធស្ពាន ដោយសារថ្មជញ្ជាំងគ្រឹះមួយចំនួនធំបានងាកចេញពីទីតាំងដើម។

គួរបញ្ជាក់ថា ខ្លោងទ្វារតាកាវ ត្រូវបានប្រារព្ធពិធីក្រុងពលី ដើម្បីដំណើរការជួសជុលកាលពីថ្ងៃ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ភឿង សកុណា ប្រធាន ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមគំនិតផ្តួច ផ្តើម និងអនុវត្តផ្ទាល់ដោយអាជ្ញាធរជាតិអប្សរា៕