អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកវគ្គស័្វយសិក្សាអនឡាញជំនាញព័ត៌មានវិទ្យា និងឌីហ្សាញ

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ បានបើកវគ្គស័្វយសិក្សាអនឡាញ «ជំនាញ ព័ត៌មានវិទ្យា និងឌីហ្សាញ»។

ការបើកវគ្គនេះ ក៏មានការចូលរួមពីអគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ក្រសួង មហាផ្ទៃ ព្រមទាំងមានសិក្ខាកាមដែលជាមន្ត្រីជំនាញ និងគ្រូបង្គោល មកពីបណ្តាអគ្គនាយកដ្ឋាន ចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុប ប្រមាណជា៥៩៣នាក់។

ដោយទទួលបានគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានចាត់ តាំងឱ្យនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការរៀបចំវគ្គស្វ័យ សិក្សាអនឡាញ ជូនដល់មន្រ្តី និងគ្រូបង្គោល មកពីបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលមានសិក្ខាកាមចាត់បញ្ជូនសរុប ចំនួន៥៩៣នាក់។

នាឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងថា ដោយទទួលបានការណែនាំពីរដ្ឋលេខា ធិការប្រចាំការ និងចំណារឯកភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានសម្រេចឱ្យអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដឹកនាំសម្របសម្រួលរៀបចំ ក្រុមការងារ និងផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ក្រសួងមហាផ្ទៃ) នៃគម្រោងផ្តល់ សេវាសាធារណៈតាមបច្ចេកវិទ្យា ឌីជីថលសម្រាប់សេវាសាធារណៈជាអាទិភាពចំនួន៤ រួមមាន៖ ការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ (បង្កើតប្រព័ន្ធរួមមួយ), ការងារចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក, ការងារគ្រប់គ្រងជនបរទេស, ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមអង្គភាព និងការិយាល័យច្រកចេញ-ចូលតែមួយ។

លោកបន្ដថា ដោយមើលឃើញអំពីសកលភាវូបនីយកម្មបច្ចេកវិទ្យា រាជរដ្ឋាភិបាលកម្ពុជា បានកំពុង បង្កើតនូវយន្តការ និងយុទ្ធសាស្ត្រក្នុងការប្រែក្លាយកម្ពុជា ឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរឹង មាំ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ដោយប្រើប្រាស់បច្ចេកវិទ្យា ជាចលករស្នូល ក្នុងការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថល។ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រខាងលើ ស្ថាប័នជំនាញបានកំពុងបង្កើតនូវយន្តការដំណាលគ្នា ដើម្បីធ្វើឲ្យសម្រេចបាននូវផែនការស្នូលទាំង ឡាយគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ឲ្យចូលរួមវគ្គស័្វយសិក្សាអនឡាញនេះ ឱ្យបានពេញលេញ សម្រាប់បម្រើឱ្យអង្គភាពរបស់ខ្លួន ជាពិសេសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកិច្ចការងារទាក់ទងទៅនឹងប្រព័ន្ធ ICT នាពេលអនាគត។
នាយឧត្តមសេនីយ៍រំពឹងថា សិក្ខាកាមទាំងអស់និងទទួលបានចំណេះដឹងពីវគ្គស័្វយសិក្សាអនឡាញ នឹងក្លាយជាឧបករណ៍ ដ៏មានភាពចាំបាច់សម្រាប់ខ្លួនឯង ជាពិសេស សម្រាប់សង្គមជាតិទាំងមូល ដូច្នេះ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការទទួលនូវវគ្គស័្វយសិក្សាអនឡាញនេះ។

សូមបញ្ជាក់ថា វគ្គស្វ័យសិក្សា (Video Training) គឺជាកម្មវិធីស្វ័យសិក្សាអនឡាញ តាមរយៈកម្មវិធី OneSala ផ្តល់ជូននូវ អាហារូបករណ៍ស្វ័យសិក្សាចំនួន ៥០០កន្លែង លើជំនាញព័ត៌មានវិទ្យា និង ឌីស្សាញ ជូនដល់សិក្ខាកាមដែលចាត់បញ្ជូន មកពីបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ ដើម្បីពង្រឹង ចំណេះដឹង សមត្ថភាពជំនាញ ក្នុងការអភិវឌ្ឍជាតិក្នុងយុគ្គសម័យ នៃសេដ្ឋកិច្ចឌីជីថល ការអនុវត្ត រដ្ឋាភិបាលឌីជីថល និងត្រៀមខ្លួនទទួលយកការមកដល់នៃឧស្សាហកម្ម ៤.០។

អាហារូបករណ៍នេះ ជាការផ្តល់សមាជិកភាពរយៈពេល ១ឆ្នាំ ជូនដល់បេក្ខភាពចាត់បញ្ជូនពីបណ្តា អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីចុះឈ្មោះជាសមាជិកទៅក្នុងកម្មវិធី OneSala ហើយសិក្ខាកាមអាចធ្វើការស្វ័យសិក្សា នៅក្នុងកម្មវិធីនេះលើ ១៤មុខវិជ្ជា ហើយមានជំនាញ ចំនួន៣ ធំៗ រួមមាន ៖ ជំនាញព័ត៌មានវិទ្យា, ជំនាញរចនាក្រាហ្វិក និងកាត់តវិដេអូ និងជំនាញកុំព្យួទ័រ សម្រាប់ការងាររដ្ឋបាល៕