អ្នកកាសែតទីបួនត្រូវបានគេសម្លាប់នៅឯភាគខាងជើងនៃប្រទេសម៉ិកស៊ិកនៅក្នុងឆ្នាំនេះ

អ្នកកាសែតម្នាក់ត្រូវគេចាក់សម្លាប់កាលពីថ្ងៃអង្គារទី២២មិថុនានៅទីក្រុងស៊ីវដាដអាឃូណានៅភាគខាងជើងប្រទេសម៉ិកស៊ិក តាមបណ្តោយព្រំដែនក្បែរទីក្រុងឌែលរីយ៉ូ រដ្ឋតិចសាស សហរដ្ឋអាម៉េរិក។លោក សូល ទីជើរីណា រេនតេរៀ គឺជាអ្នកកាសែតទីបួន ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសម៉ិកស៊ិករហូតមកទល់ពេលនេះ។លោករេនតេរៀរាយការណ៍ឱ្យបណ្តាញព័ត៌មានលើវេបសាយជាច្រើន រួមទាំងវេបសាយ La Voz de Coahuila ។

វេបសាយ La Vozបានរាយការណ៍ថា លោករេនតេរៀបានបាត់ខ្លួនបន្ទាប់ពីចេញពីធ្វើការនៅរោងចក្រដំឡើងមួយនៅព្រឹកថ្ងៃអង្គារ។
ក្រោយមកសាកសពរបស់គាត់ត្រូវបានរកឃើញនៅក្នុងឃ្លុបគូទឡាន។

អ្នកសារព័ត៌មាននៅតាមរដ្ឋនានារបស់ម៉ិកស៊ិករកប្រាក់ចំណូលបានតិចតួចណាស់ ដូច្នេះត្រូវធ្វើការងារផ្សេងបន្ថែមទៀត។

ក្រុមសេរីភាពសារព័ត៌ បានអំពាវនាវឱ្យអាជ្ញាធរស៊ើបអង្កេតថាតើគាត់ត្រូវបានចាក់សម្លាប់ដោយសារតែការរាយការណ៍ព័ត៌មានរបស់គាត់ឬយ៉ាងណា។

វេបសាយ La Voz បានដកស្រង់សម្តីប៉ូលិសដោយនិយាយថា ជនសង្ស័យពីរនាក់ត្រូវបានរកឃើញជាមួយកាំបិតមួយ និង ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការសម្លាប់នេះ។កាលពីសប្តាហ៍មុន អ្នកយកព័ត៌មានឈ្មោះ ហ្គូស្តាវ៉ូ សាន់ឆេស កាប្រេរ៉ា ត្រូវបានបាញ់ស្លាប់នៅរដ្ឋអាវសាកាភាគខាងត្បូង ហើយអ្នកកាសែតម្នាក់ទៀតត្រូវបានសម្លាប់នៅភាគខាងលិចនៃទីក្រុងម៉ិកស៊ីកូ។

កាលពីខែឧសភា អ្នកកាសែតតាមអនឡាញលោក បេនចាមីន ម៉ូរ៉ាឡេស ហឺណង់ដេស ត្រូវបានគេចាប់ពង្រត់និងសម្លាប់នៅរដ្ឋសូណូរ៉ាភាគខាងជើង។ អ្នកយកព័ត៌មានពីរនាក់ទៀតបានបាត់ខ្លួននៅរដ្ឋសូណូរ៉ានៅឆ្នាំនេះ។បណ្តាអង្គការការពារអ្នកសារព័ត៌មានបាននិយាយថា អ្នកកាសែត ៩ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសម៉ិកស៊ិកក្នុងឆ្នាំ ២០២០ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសគ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មាននៅក្រៅតំបន់សង្គ្រាម៕