តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១បានអោយ ដឹងថាអង្គការសុខភាពពិភពលោកWHOបាននិយាយថាប្រទេសក្រីក្រមួយចំនួនធំនៅជុំវិញពិភពលោកដែលកំពុងទទួលបានវ៉ាក់សាំង COVID-19 តាមយន្ដការ COVAX មិនមានវ៉ាក់សាំងគ្រប់ គ្រាន់ដើម្បី បន្តយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនទៀតឡើយ។
បើតាមទីប្រឹក្សាជាន់ខ្ពស់ WHO លោក ព្រូស អាលីវ៉ាត ៩Bruce Aylward) យន្ដការ COVAX បានផ្ដល់វ៉ាក់សាំង ៩០លានដូស ហើយដល់បណ្ដាប្រទេសចំនួន១៣១ ហើយការខ្វះខាតនាពេលបច្ចុប្បន្ន កើតមានឡើងចំពេល បណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិកមួយចំនួនកំពុងប្រឈមមុខនឹងរលកទី៣។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) បានអំពាវនាវឱ្យក្រុមប្រទេសអ្នកមានបញ្ឈប់ ជាបន្ទាន់នូវការស្ដុកទុកវ៉ាក់សាំងលើសតម្រូវការ ខណៈរដ្ឋាភិបាលរបស់លោកកំពុងធ្វើការងារជាមួយ COVAX សំដៅបង្កើតតំបន់ពិសេស មួយដើម្បីផលិត វ៉ាក់សាំងបន្ថែមនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
សូមជម្រាបថា បើតាមលោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង គិតមកទល់នឹងពេលនេះ ទ្វីបអាហ្វ្រិក ទើបតែសម្រេចបានការចាក់វ៉ាក់សាំងត្រឹមតែ ៤០លានដូស ប៉ុណ្ណោះ ពោលគឺតិចជាង ២ភាគរយ នៃប្រជាជនអាហ្វ្រិកសរុប៕