សភាថៃអនុញ្ញាតអោយមានការធ្វើប្រជាមតិលើរដ្ឋធម្មនុញ្ញ នៅពេលអ្នកប្រឆាំងតវ៉ាមានផែនការវិលមកកាន់ដងវិថីវិញ

សភាថៃបានព្រលែងអោយមានដំណើរការរុះរើរដ្ឋធម្មនុញ្ញដែលជាចំណុចទាមទារធំមួយរបស់ចលនាប្រឆាំងតវ៉ាដឹកនាំដោយពួកយុវជនថៃដែលបានបង្ហាញវត្តមាននៅតាមដងវិថីក្នុងរដ្ឋធានីថៃអស់ពេលជាច្រើនខែកាលពីឆ្នាំមុន។

ពួកសមាជិកសភានិងព្រឹទ្ធសភា បានបោះឆ្នោតអនុម័តពង្រាងច្បាប់មួយដែលនឹងបើកផ្លូវអោយសារធារណជនបោះឆ្នោតស្តីពីការតាក់តែងរដ្ឋធម្មនុញ្ញឡើងវិញ។

ការបោះឆ្នោតនេះកើតឡើងក្រោយការសំរេចមួយរបស់តុលាការធម្មនុញ្ញកាលពីខែមីនា ដែលបានសំរេចថា ការបោះប្រជាមតិមួយត្រូវតែធ្វើឡើងមុនការរុះរើណាមួយទៅលើរដ្ឋធម្មនុញ្ញបច្ចុប្បន្ន។ពួកអ្នកវិភាគចោទប្រកាន់ថា រដ្ឋធម្មនុញ្ញតាក់តែងដោយរបបយោធា គ្រាន់តែជាឧបករណ៍ជួយអោយមេដឹកនាំរដ្ឋប្រហារប្រាយុទ្ធ ចាន់ អូចានិងអ្នកគាំទ្របន្តកាន់អំណាចនៅក្រោយការបោះឆ្នោតឆ្នាំ២០១៩។ពួកគេស្វះស្វែងកែប្រែវា រួមជាមួយនឹងការលាឈប់របស់លោកប្រាយុទ្ធ ចាន់ អូចា ពីតំណែងនាយករដ្ឋមន្ត្រី និងមានតម្លាភាពឡើងពីព្រះមហាក្សត្រ ដែលគង់ខ្ពស់ផុតពីនយោបាយ។

នៅថ្ងៃព្រហស្បតិ៍ទី២៣មិថុនានេះ គេរំពឹងថាពួកសមាជិកសភានឹងបោះឆ្នោតអំពីការអានពង្រាងវិសោធនកម្មដំបូងដែលត្រូវបានស្នើឡើង រួមមានការផ្លាស់ប្តូរច្បាប់បោះឆ្នោតផង។វាចំថ្ងៃដែលពួកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ មានផែនការវិលមកកាន់ដងវិថីឡើងវិញ ដោយការជួបជុំជាច្រើនគ្រោងនឹងធ្វើនៅក្រុងបាងកកបន្ទាប់ពីផ្អាកអស់ពេល៦ខែមកនេះដោយសារការផ្តុះជំងឺកូវីដ១៩៕