តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១បានបញ្ជាក់ថា ប្រធានាធិបតីជាប់ឆ្នោតនៅអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានថ្លែងកាលពីថ្ងៃចន្ទសប្តាហ៍នេះថាសហរដ្ឋអាមេរិកត្រូវតែដក «ទណ្ឌកម្មដ៏អយុត្តិធម៌ទាំងអស់» ចេញពីប្រទេសរបស់លោក ហើយអឺរ៉ុបតែត្រូវគោរពទៅតាមការប្តេជ្ញាចិត្តនានា នៅក្នុងការកិច្ចព្រម ព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។
នៅក្នុងសន្និសីទសារព័ត៌មានដំបូងនាដើមសប្តាហ៍នេះ បន្ទាប់ពីបានទទួលជ័យជម្នះជាផ្លូវការ ក្នុង ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី កាលពីសប្តាហ៍មុន លោក Ebrahim Raisi បានលើក ឡើងនូវបញ្ហាជាច្រើន ដែលប្រទេសមួយនេះកំពុងប្រឈមមុខ ហើយអ្វីដែលសំខាន់បំផុតនោះ គឺទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ ព្រមទាំងទំនាក់ទំនងរវាងអ៊ីរ៉ង់ និងមហាអំណាចធំៗ។
ជាសារទៅកាន់សហរដ្ឋអាមេរិក លោក Ebrahim Raisi បានគូសបញ្ជាក់ថា «អ្វីដែលខ្ញុំកំពុងនិយាយ ទៅកាន់សហរដ្ឋអាមេរិកនោះគឺ បើយោងទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ្នកមានកាតព្វកិច្ចក្នុង ការដកទណ្ឌកម្មទាំងអស់ ប៉ុន្តែអ្នកមិនបានធ្វើនោះទេ… ត្រលប់ទៅវិញ ហើយបំពេញតាមការប្តេជ្ញា ទាំងអស់របស់អ្នកសិនទៅ»។
ដោយឡែកសម្រាប់សារទៅសហភាពអឺរ៉ុបវិញ លោក Ebrahim Raisi បានលើកឡើងថា «សហភាពអឺរ៉ុបមិនគួរចុះចាញ់ ចំពោះសម្ពាធ និងគោលនយោបាយការបរទេស របស់ទីក្រុងវ៉ាស៊ីន តោននោះទេ… ផ្ទុយទៅវិញពួកគេត្រូវបំពេញ តាមការប្តេជ្ញាចិត្តរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀង នេះ»។
សម្រាប់លទ្ធភាពដែលថាលោក Raisi អាចជួបជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងពេលឆាប់ៗដែរ ឬមួយក៏យ៉ាងនោះ ចម្លើយសម្រាប់ពេលនេះគឺ «ទេ»៕