រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ទោះពិនិត្យឃើញគុណភាពល្អ តែបើប្រើប្រាស់ ១ឆ្នាំមិនមានបញ្ហា ទើបទទួលយកបាន

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ទោះបីជាការចុះពិនិត្យជាច្រើនលើកឃើញថា គុណភាពនៃការសាងសង់ផ្លូវជាតិលេខ៣ បាន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសក៏ដោយ តែលុះត្រាតែដាក់ឱ្យប្រើប្រាស់បានរយៈពេល១ឆ្នាំ ហើយមិនមានបញ្ហាខូចខាត ទើបអាចទទួលយកបាន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១នេះ ក្នុងឱកាសដែលលោក និងលោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូចម្រុះចុះពិនិត្យមើល សកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន សាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្ថែមថា គម្រោងសាងសង់ផ្លូវជាតិលេខ៣នេះ បានធ្វើចប់រួចរាល់ មុនផែនការរហូតដល់មួយឆ្នាំ ដោយគិតមកដល់ពេលនេះសម្រេចបាន៩៨% ហើយមានគុណភាព ល្អ និងធ្វើបានលឿនផងដែរ។ ផ្លូវជាតិលេខ៣ នឹងដាក់ជញ្ជីងថ្លឹងរថយន្តចំនួន២ ដើម្បីឱ្យរថយន្ត ចូលថ្លឹង ជាមួយគ្នានោះក៏បានត្រៀមដាក់ជញ្ជីងបង្កប់ក្រោមដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ទប់ ស្កាត់រថយន្តដឹកទំនិញលេីសទម្ងន់ ដែលជាមូលហេតុធ្វើឱ្យផ្លូវខូចផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្ថែមថា មានក្រុមហ៊ុនមួយចំនួនចង់បានតែចំនេញ មិនគិតជួយថែទាំ សម្បត្តិរបស់ជាតិនោះទេ ដោយប្រឹងដឹកទំនិញលើសទម្ងន់កំណត់ច្រើន ដោយអះអាងថា មិនមែន ជាផ្លូវដែលខ្លួនចេញលុយសាងសង់នោះឡើយ។ ឯកឧត្តម ថា នៅតាមទល់ដែនពេលផ្ទេរទំនិញ ឃើញថា ឡានទំនិញរបស់យេីងមួយ គឺត្រូវការឡានដឹកទំនិញរបស់ប្រទេសគេ២ទេីបដាក់អស់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ក្រុមការងាររបស់ក្រសួង តែងតែធ្វើសកម្ម ភាពចុះឆ្មក់ចាប់រថយន្តដឹកទំនិញ នៅតាមផ្លូវធំ ដើម្បីធ្វើការផាកពិន័យ និងឃាត់ទុក ដោយគិតមក ដល់ពេលនេះ បានចាប់រថយន្តទុកមួយឆ្នាំ មិនឱ្យបើកបរ បានជាង១០០គ្រឿងហើយ ដោយមិនគិត ថា ជាឡានរបស់អ្នកណា មានខ្នងធំយ៉ាងណានោះ គឺមិនអាចអន្តរាគមន៍ដោះលែងបាននោះទេ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល មិនដែលចង់បានអ្វីពី ប្រជាពលរដ្ឋនោះទេ គ្រាន់តែសុំត្រឹមឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចររាចរណ៍ឱ្យ បានគ្រប់ៗគ្នាផងដែរ ដែលនេះគឺជាការជួយដល់រាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិហើយ។ បើពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចររាចរណ៍ រាជរដ្ឋាភិបាល ក៏មានកម្លាំងចិត្តក្នុងការធ្វើផ្លូវឱ្យ កាន់តែល្អបន្ថែមទៀតផងដែរ៕