ប្រទេសឥណ្ឌា បានមើលឃើញករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ធ្លាក់នៅក្រោម៥០,០០០នាក់ ខណៈចំនួនករណីឆ្លងសរុបកើនជិតដល់ ៣០លាននាក់

នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីការ រកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤២,៦៤០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេស កើនឡើងដល់ ២៩,៩៧៧,៨៦១ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ។

បន្ថែមពីខាងលើនេះ បើតាមក្រសួងសុខាភិបាលឥណ្ឌា អ្នកជំងឺ COVID-19 ចំនួន ១,១៦៧នាក់ បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេលដូចគ្នានេះ ដែលនាំឱ្យចំនួនអ្នក ស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៨៩,៣០២នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៨,៩២៦,០៣៨នាក់បានជាសះស្បើយ។

សូមជម្រាបថា តួលេខអ្នកឆ្លងប្រចាំថ្ងៃខាងលើនេះ គឺបង្ហាញពីការបន្តថយចុះគួរឱ្យកត់សម្គាល់ មួយកម្រិតទៀត និងជាការថយចុះនៅក្រោម ៥០,០០០ករណីជាលើកដំបូង ក្នុងរយៈពេលជាង ៣ខែមកនេះ ខណៈកាលពីខែមេសា និងឧសភាកន្លងទៅ វាបានលោតឡើងដល់អត្រាខ្ពស់បំផុតគឺ ជាង ៤០០,០០០ករណី។ ដោយឡែក ចំនួនអ្នកស្លាប់វិញ ក៏បានថយចុះផងដែរ ធៀបនឹងកាលពី កំលុងពេលនោះ។

ចំណែកការចាក់វ៉ាក់សាំងវិញ គឺមកទល់ពេលនេះ ឥណ្ឌាសម្រេចបានជាង ២៨៨លានដូស ក្នុងនោះជាង៥២លាននាក់ ទទួលបានការចាក់គ្រប់ដូស៕