ដោយរដូវវស្សាបានឈានមកដល់នោះ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកឲ្យមន្ទីរ អង្គភាពជំនាញ ដាក់គ្រឿង ចក្រចុះស្តារប្រឡាយ លូ និងការស្ថាបនាដាក់លូថ្មីៗ នៅតែបន្តធ្វើសកម្មភាព ដោយមិនមានការ អាក់ខានឡើយ ដើម្បីបញ្ចៀសការជន់លិចដោយទឹកភ្លៀង។
ជាក់ស្ដែងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងស្តារប្រឡាយលូ៥ដែលមានប្រវែងជាង១គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដើម្បីបង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះ ពិសេសកុំឱ្យហូរចូលទៅប្រឡាយបឹងទំពន់ និងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធា នីភ្នំពេញ បានឱ្យដឹងថា ដោយមានការយកចិត្តទុក្ខដាក់ និងការចង្អុលណែនាំពីលោក ឃួង ស្រេង ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេ នៅរាជធានីភ្នំពេញ ខណ:នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយលូ៥ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវ វស្សានេះ និងមួយផ្នែកទៀត កុំឱ្យហូរចូលទៅប្រឡាយបឹងទំពន់និងជន់លិចលំនៅដ្ឋាន ប្រជា ពលរដ្ឋ។
លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយលូ៥ មានប្រវែងជាង១០០០ម៉ែត្រទទឹងមាន ទំហំពី១៥ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេង ស្រេងដល់ស្ថានីយបូមទឹកលូ៥។ ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩ មិថុនា ហើយគ្រោងបញ្ចប់ នៅពាក់កណ្តាលខែកក្កដា ខាងមុខ។
ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ខណ្ឌ សែនសុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយ៍ លូ៥ ទើបបូមទំលាក់ទៅ ប្រឡាយម័ល និងបន្តចុះទៅជើងឯក។
លោក ដួង ចាន់សារ៉ាត់ បន្តទៀតថា ប្រឡាយលូ៥នេះ ពោរពេញទៅដោយសំរាមនិងភក់ ពិសេស កាកអំពៅ ត្រូវបានប្រជាពលរដ្ឋ ដឹកទៅទម្លាក់ចូលក្នុងប្រឡាយនេះតែម្តង។ លោកសូមប្រជាពលរដ្ឋ មេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះ សំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៍៕