កម្ពុជា-ស៊ុយអ៊ែត បន្តរួមគ្នាសម្រេចឱ្យបានគោលដៅទាំងឡាយដែលបានចែងក្នុងគំនិតផ្តួចផ្តើម កិច្ចព្រមព្រៀងសកល (Global Deal Initiative)

កម្ពុជា-ស៊ុយអ៊ែត បានប្ដេជ្ញាបន្តរួមគ្នាសម្រេចឱ្យបានគោលដៅទាំងឡាយ ដែលបានចែងក្នុងគំនិត ផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative) ខណៈស៊ុយអែតបានមើលឃើញពីការខិត ខំរបស់កម្ពុជាយ៉ាងសំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិ បាលកម្ពុជា ដែលបានផ្តល់ការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលដំបូងគេបង្អស់។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងឱកាសជំនួបរវាងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ប៊ីយ៉ន ហេងម៉ាក (Björn Häggmark) ឯកអគ្គរាជទូត ស៊ុយអ៊ែតប្រចាំនៅកម្ពុជា នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ ដើម្បីជម្រាប លាលោករដ្ឋមន្ត្រី អ៉ិត សំហេង មុនពេលលោក ប៊ីយ៉ន ផុតអាណត្តិការទូត និងគ្រោងចាកចេញ ពីកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

ចំណុចសំខាន់ៗក្នុងជំនួបចុងក្រោយនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗ ដែលកម្ពុជា-ស៊ុយអ៊ែតបាននិងបន្តអនុវត្ត សំដៅសម្រេចឱ្យបាននូវគោលដៅរួមទាំងកម្រិតជាតិ និងពិភពលោក រួមមាន៖ ១. គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative) ២. សិទ្ធិការងារ និង៣. ការអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្តម រដ្ឋមន្រ្តីបានថ្លែងអំណរគុណភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) តាមរយៈទីភ្នាក់ ងារផ្តល់សេវាការងារសាធារណៈស៊ុយអ៊ែត (SPES) ដែលជួយគ្រាំទ្រដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តរួមគ្នានូវគម្រោងចំនួន ២ គម្រោងទី១ ស្តីពីការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា ផ្តើមអនុវត្តតាំង ពីឆ្នាំ២០១៣ និងបានបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ និងគម្រោងទី២ ស្តីពីមគ្គុទ្ទេសក៍អាជីព និងការ ផ្តល់ប្រឹក្សាសម្រាប់មធ្យមសិក្សា-ស្ពានចម្លងឆ្ពោះទៅកាន់ពិភពការងារ ចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩ ដល់ខែកក្កដា ឆ្នាំ២០២១។

បន្ថែមពីនេះ ទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយ អ៊ែត (SPES) សហការជាមួយអង្គការជំនួយព្រះវិហារហ្វាំងឡង់ (Finn Church Aid) កំពុងសិក្សា លើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើសំណើគម្រោងថ្មីៗបន្ថែមទៀត ដោយផ្តោតសំខាន់លើ ការគាំទ្រដល់ជនពិការនៅក្នុងទីផ្សារការងារកម្ពុជាសម្រាប់ឆ្នាំ ២០២១-២០២៤ ផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីបានស្នើសុំប្រទេសស៊ុយអ៊ែតជួយគាំទ្រដល់វិស័យការងាររបស់កម្ពុជាបន្តទៀត ជាពិ សេសការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាព ដើម្បីឲ្យកម្ពុជាមានលទ្ធភាព អភិវឌ្ឍ ប្រទេសឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រោយពីបានផ្តល់ការគាំទ្រ ចំពោះ គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល ជាយន្តការថ្នាក់ជាតិ រាជរដ្ឋាភិបាលបានបង្កើតគណៈ កម្មការ អន្តរក្រសួងសម្រាប់គាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល ដែលមានក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ជាប្រធាន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងផែនការជាសមាជិក។

កម្ពុជាបាននិងកំពុងបន្តអនុវត្តបានយ៉ាងល្អនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគំាទ្រគំនិតផ្តួចផ្តើម កិច្ចព្រមព្រៀងសកលនេះ៖

១៖ បន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ ទំនងវិជ្ជាជីវៈ។

២៖ ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានាបាននូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែល តំណាងឱ្យសំឡេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និងនិយោជក ក្នុងការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនា សង្គម។

៣៖ ពង្រឹងការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ជាក្របខណ្ឌគតិយុត្តិរឹងមាំក្នុងការការពារ ប្រកបដោយនិរន្តរភាពនូវប្រាក់ឈ្នួលរបស់កម្មករនិយោជិត និងធានានូវការប្រើប្រាស់យន្តការ ចរចារត្រីភាគីតាមបែបប្រជាធិបតេយ្យ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ដោយឈរលើលក្ខណៈវិនិច្ឆ័យបែបវិទ្យាសាស្រ្ត ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

៤៖ ពង្រឹងយន្តការដោះស្រាយវិវាទការងារ ទាំងនៅដំណាក់កាលផ្សះផ្សារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រៅប្រព័ន្ធតុលាការ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល សំដៅធានាបាន នូវយុត្តិធ៌មការងារ កាត់បន្ថយបាននូវបញ្ហាប្រឈមរវាងនិយោជក និងកម្មករនិយោជិត ក៏ដូចជា បង្កើនភាពជឿជាក់លើប្រព័ន្ធដោះស្រាយវិវាទរវាងភាគីពាក់ព័ន្ធ ដែលកាន់តែធ្វើឱ្យវប្បធ៌មនៃ កិច្ចសន្ទនាសង្គមមានភាពរឹងមាំ។

៥៖ បន្តពង្រឹងយន្តការអធិការកិច្ចការងារ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពជឿជាក់ពី គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការគោរពលក្ខខណ្ឌការងារ និងសិទ្ធការងាររបស់កម្មករ និយោជិត និងនិយោជក ទប់ស្កាត់ ក៏ដូចជាបង្ការមិនឱ្យមានបញ្ហាផ្សេងៗឈានទៅរកវិវាទ និងការតវ៉ានានា។

៦៖ ជំរុញការអនុវត្តគោលនយោបាយគាំពារសិទ្ធិ និងផលប្រយោជន៍របស់ពលករទេសន្តប្រវេសន៍ ទាំងក្នុងក្របខណ្ឌជាតិ ក៏ដូចជាតំបន់ និងជាមួយប្រទេសពាក់ព័ន្ធ។

៧៖ បន្តចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងរបបសន្តិសុខសង្គមឱ្យកាន់ តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងយន្តការផ្លាស់ប្តូរការប្រឹក្សាគ្នារវាងអ្នកប្រើប្រាស់សេវា អ្នក គ្រប់គ្រង និងផ្តល់សេវា ក៏ដូចជាអ្នកមានកាតព្វកិច្ចផ្តល់ការឧបត្ថម្ភសេវា។

៨៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា សំដៅគាំទ្រដល់គោលនយោបាយ អភិវឌ្ឍន៍ និងគាំពារវិស័យការងារ។

លោកឯកអគ្គរាជទូត ប៊ីយ៉ន ហេងម៉ាក បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានផ្តល់ការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល ដំបូងគេបង្អស់ នៅក្នុងពិធីដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមនេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងឱកាសសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

លោកឯកអគ្គរាជទូតនឹងនាំយកនូវព័ត៌មានល្អៗ និងសមិទ្ធផលដែលភាគីទាំងពីរខិតខំសម្រេច បានជម្រាបជូនទៅរាជរដ្ឋាភិបាលស៊ុយអ៊ែត ដើម្បីទទួលបាននូវការគាំទ្របន្តដល់រាជរដ្ឋាភិបាល កម្ពុជា៕